(ម៉ាឌ្រីដ)៖ ក្លឹប Atletico Madrid ដែលស្ថិតក្នុងលីគកំពូលអេស្ប៉ាញ LaLiga បានព្រមព្រៀងលើការចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារស្លាបស្តាំ Kieran Trippier ពីក្លឹបអង់គ្លេស Tottenham Hotspur ក្នុងតម្លៃប្រមាណ ២៤លានអឺរ៉ូ ស្មើនឹង ២៦លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩។

សម្រាប់កិច្ចសន្យាថ្មីនេះនឹងមានរយៈពេល ៣ឆ្នាំជាមួយក្លឹប Atletico Madrid គ្រាដែលកីឡាករវ័យ ២៨ឆ្នាំ Trippier បានចំណាយពេល ៥ឆ្នាំជាមួយក្រុមមាន់ខ្នាយមាស Spurs ចាប់តាំងពីបាននាំយកមកពីក្លឹប Burnley កាលឆ្នាំ២០១៥ ក្នុងតម្លៃខ្លួនតែ ៥លានអឺរ៉ូប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន ១០០ប្រកួត និងរកបាន ២គ្រាប់ផងដែរ។

គួរបញ្ជាក់ផងថា ខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier ធ្លាប់បានឈ្នះពាន International Champions Cup ១ដងជាមួយ Spurs ក្នុងឆ្នាំ២០១៨ ហើយរូបគេនឹងត្រូវបន្តឈរជើងក្នុងក្របខណ្ឌ LaLiga រហូតដល់ឆ្នាំ២០២២។ Trippier ក៏ជាកីឡាករមានតម្លៃខ្លួនថ្លៃលំដាប់ទី៣ នៅ Atletico Madrid ដែលបានចំណាយក្នុងរដូវកាលថ្មីឆ្នាំ២០១៩-២០២០នេះដែរ៕