(ភ្នំពេញ)៖ កម្មវិធីប្រដាល់គុនខ្មែរ អន្ដរជាតិ ប្រាក់លាន KIC លើកទី១ នឹងក្លាយជាសង្វៀនប្រដាល់ដ៏ធំមួយនៅកម្ពុជា ក្រោយមានការទទួលស្គាល់ពីស្ថាប័នកីឡាធំៗចំនួន៥ ដើម្បីជំរុញព្រឹត្តិការណ៍នេះឆ្ពោះទៅរកភាពជ័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ គ្រាដែលការប្រកួតគ្រោងនឹងចាប់ផ្ដើមនាចុងខែកក្កដានេះ។

កម្មវិធីនេះ រៀបចំដោយទូរទស្សន៍ ONE TV និង Sky One ក្រោយបង្កើតស្ថាប័ន Khmer Inter Championship (KIC) និងកម្មវិធីប្រដាល់គុនខ្មែរ អន្ដរជាតិ ប្រាក់លាន KIC ដោយមានកីឡាករជើងខ្លាំងកម្ពុជា ៤រូប និងកីឡាករជើង ខ្លាំងថៃ ៤រូប ចូលរួមប្រកួតប្រជែងខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ នេះបើតាមការប្រកាសក្នុងសន្និសីទសារ ព័ត៌មានកាលពីព្រឹកមិញនៅសង្វៀនរោងសៀក ទល់មុខរដ្ឋសភាជាតិ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏ធំ ដើម្បីរួមចំណែក អភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន ហើយស្ថាប័នធំៗដែលទទួលស្គាល់កម្មវិធីនេះ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមាគមប្រដាល់ក្រសួងមហាផ្ទៃ។

ទន្ទឹមជាមួយគ្នា លោកបានស្នើមន្ដ្រីគណៈកម្មការបច្ចេកទេស និងកីឡាករចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ពិសេសស្នងការប្រកួត និងអាជ្ញាកណ្ដាល-ចៅក្រម ត្រូវផ្ដល់ភាពយុត្តិធម៌ និងសុក្រឹត្យបំផុតចំពោះកីឡាករ។ តែករណីមានភាពមិនប្រក្រតី ត្រូវដោះស្រាយភ្លាមៗ តាមរយៈការមើលវីដេអូប្រកួតឡើងវិញ។ ឯកីឡាករ ក៏ត្រូវប្រឹងឲ្យអស់ពីសមត្ថភាពផងដែរ។

លោក យឺន ពន្លក អនុប្រធានសមាគមប្រដាល់ក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថា កម្មវិធីថ្មីនេះ នឹងត្រូវប្រកួតដោយតម្លាភាព នឹងប្រកាន់ភ្ជាប់នូវគោលការណ៍ប្រកួតដោយយុត្តិធម៌ Fair-Play ដោយគោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា ពិសេសចៀសវាងការប្រើប្រាស់វេទិការប្រកួតជាល្បែងស៊ីសង ដោយគោរពគោលការណ៍របស់ NOCC ដើម្បីរួមចំណែកឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ចំពោះសមាសភាពកីឡាករខ្មែររួមមានកីឡាករ ម៉ន សាម៉េត, អេលីត ចំរើន, យុគយក្ស ផ្លៃ និង មាស សារ៉ាកុ ស្ថិតក្នុងពូល A ខណៈពូល B គឺក្រុមកីឡាករថៃ រួមមាន Kav Thabvosenern, Tompit supasar, Yort chankophob និង Lafang Ayotya។ រូបមន្ដប្រកួត កីឡាករពូល A និង B ត្រូវប្រកួតខ្វែងគ្នា បន្តាប់មកកីឡាករមានពិន្ទុខ្ពស់ជាងគេ ២នាក់នៃពូលនីមួយៗត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯប្រាក់រង្វាន់ លេខ១ ទទួលបាន ៤ពាន់ដុល្លារ, លេខ២ ទទួលបាន ២ពាន់ដុល្លារ និងលេខ៣ ទទួលបាន ១ពាន់ដុល្លារ៕