(ភ្នំពេញ)៖ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យសិល្បៈយ៉ាងល្បីល្បាញ និងនៅតែស្ថិតក្នុងក្រអៅបេះដូងប្រិយមិត្តប្រុសស្រីជានិច្ចផងដែរ ទោះបីជាបច្ចុប្បន្នមានតារាពន្លកថ្មី បានរះមកជាច្រើនក្តី។ រាល់ស្នាដៃចម្រៀងរបស់នាង ដែលស្ថិតក្រោមដំបូលហង្សមាស គឺចេញមកមានទស្សនិកជនគាំទ្រច្រើនតែម្តង។ ជាក់ស្តែង ថ្មីៗនេះនាងបានប្រមូលផ្តុំអារម្មណ៍ នឹករឮកដល់លោកឪពុកជាទីស្រឡាញ់ ដែលបានលាចាកលោកទៅឆ្ងាយហើយ បង្កើតចេញជាចម្រៀងបែបកម្សត់មួយបទ ចំណងជើងថា «លោកពុកកម្សត់» បង្កប់នូវខ្លឹមសារជាច្រើន សឹងតែធ្វើឲ្យទស្សនិកជនដែលបានស្តាប់ហើយ ស្រក់ទឹកភ្នែកតាមអត្ថន័យចម្រៀង។
តាមរយៈការបញ្ចេញនូវបទថ្មីរបស់ខ្លួន បែបកម្សត់រំឮកដល់អ្នកមានគុណពេលនេះ អ្នកនាង ពេជ្រ សោភា បានបង្ហាញពីអារម្មណ៍សោកស្ដាយ ក្រោយពេលដែលភាពជោគជ័យរបស់ខ្លួន ទទួលបានដូចបំណងហើយ ប៉ុន្តែរឿងដ៏គួរឱ្យក្ដុកក្ដួល បែរជាលោកឪពុកជាទីស្រឡាញ់ លែងវត្តមាននៅលើលោកនេះ មិនបានឃើញភាពជោគជ័យរបស់ខ្លួនទៅវិញ។ អត្ថន័យចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា ស្ដែងចេញពីជីវិតពិត អារម្មណ៍ពិត របស់ ពេជ្រ សោភា ព្រមទាំងធ្វើឱ្យមហាជនដែលបានស្ដាប់ រំជួលចិត្តសឹងស្រក់ទឹកភ្នែកទៅតាមទឹកដមសំឡេងរបស់នាង បូករួមជាមួយនឹងចង្វាក់ភ្លេងបែបកម្សត់ ក្នុងចម្រៀងមួយបទនេះ រហូតដល់មានទស្សនិកជនមួយចំនួន ដែលមានសាច់រឿងជីវិតដូចនឹងនាង ក៏ទប់អារម្មណ៍មិនបានដល់ថ្នាក់យំក៏មាន។
ទន្ទឹមគ្នានេះ ពេជ្រ សោភា បានបង្ហាញសារក្នុងចិត្តតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា «៥ឆ្នាំហើយ ១៥/០៧/២០១៩ ដែលពុកទៅចោលម៉ែនិងពួកខ្ញុំ ហេតុអីពុកមិនចាំមើលកូននៅថ្ងៃ កូនស្រីអាចធ្វើបានគ្រប់យ៉ាងហើយ តែចុងក្រោយកូនត្រូវបាត់ពុករហូតគ្មានថ្ងៃវិលវិញ ម៉ែនឹងកូនៗនឹកពុកគ្រប់គ្នា (លោកពុកកម្សត់)»។
គួរបញ្ជាក់ថា ពេជ្រ សោភា បានប្រឡូកចូលក្នុងសិល្បៈតាំងពីឆ្នាំ ២០០៤ ដែលគិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេល១៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះ បានឈានជើងចូល វិថីសិល្បៈ តែនាងនៅតែអាចរក្សា បាន ប្រជាប្រិយភាព និងអាចឈរជើងនៅក្នុងសិល្បៈ ឲ្យកាន់តែល្បីល្បាញឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជា នាងធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ រហូតធ្លាក់ខ្លួនជាអ្នកមេម៉ាយ ដល់សព្វថ្ងៃនេះទៅហើយក្ដី៕