(បាលី)៖ ក្រុមបាល់បោះជនពិការកកម្ពុជា បានឈ្នះមេដាយក្នុងព្រឹត្តិការណ៍បាល់បោះជិះរទេះដណ្ដើមពានរង្វាន់អន្ដរជាតិ Bali Cup International Wheelchair Basketball លើកទី៦ ឆ្នាំ២០១៩ រៀងៗខ្លួន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមកីឡាការិនីដណ្ដើមបានមេដាយប្រាក់ និងក្រុមកីឡាករដណ្ដើមបានមេដាយសំរឹទ្ធ។

សម្រាប់ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ធ្វើបានយ៉ាងល្អជាមួយការប្រកួត ៣នាក់ទល់នឹង ៣នាក់ ដោយបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ ក្នុងវគ្គជម្រុះ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះក្រុមបារាំង។ ប៉ុន្ដែគួរឲ្យស្ដាយ ក្រុមកីឡាការិនីកម្ពុជា បានចាញ់បារាំង ដោយលទ្ធផល ៩-៨ពិន្ទុ ធ្វើឲ្យពួកគេទទួលបានត្រឹមមេដាយប្រាក់ ខណៈបារាំង ឈ្នះមេដាយមាស។ រីឯក្រុមបាលី ឈ្នះមេដាយសំរឹទ្ធ ក្រោយឈ្នះក្រុម Jakarta ៤-០។

ចំណែកក្រុមបាល់បោះបុរសជនពិការកម្ពុជា បានប្រកួតយ៉ាងស្វិតស្វាញជាមួយគូប្រជែង ៥ក្រុមទៀត តែកម្ពុជា បានឈរលេខ៤ ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ២ និងចាញ់៣ ដែលនាំឲ្យកម្ពុជា ត្រូវប្រកួតខ្វែងប៉ះក្រុមកំពូលតារាងបារាំង ហើយចាញ់បារាំង ៩៥-១២។ តែសំណាងល្អ ក្នុងការប្រកួតដណ្ដើមលេខ៣ កម្ពុជា បានសងសឹកសិង្ហបុរីបានសម្រេចជាមួយលទ្ធផល ៣០-២៥ បន្ទាប់ពីកម្ពុជា ចាញ់សិង្ហបុរី ក្នុងវគ្គជម្រុះ ២៣-១៩។ រីឯបារាំង បានឈ្នះមេដាយមាស ១ទៀត ក្រោយឈ្នះម៉ាឡេស៊ី ៧៦-៤ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

បន្ថែមលើការឈ្នះមេដាយប្រាក់ និងមេដាយសំរឹទ្ធខាងលើ កម្ពុជាក៏ទទួលបានពានឯកជនចំនួន៣ ផងដែរ ក្នុងនោះកីឡាការិនី សាន រដ្ឋា ទទួលបានមេដាយ ១គ្រឿងតំណាងឲ្យអ្នកលេងល្អជាងគេក្នុងចំណោមកីឡាការិនីពិការប្រភេទខ្សោយ។ កីឡាករ សែម គឹមសួរ ទទួលបានមេដាយ ១គ្រឿងតំណាងឲ្យកីឡាករលេងល្អជាងគេក្នុងចំណោមកីឡាករពិការប្រភេទខ្ពស់ និងកីឡាការិនី អាន ស៊ីណែត ទទួលបានពានតូច ១ទៀតតំណាងអ្នកលេងល្អជាងគេបំផុត (Most Valuable Player) ទៀតផង៕