(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នក្លឹបភ្នំពេញក្រោន បានបង្ហាញនូវចំណាប់អារម្មណ៍ជុំវិញការប្រកួតយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ១២-១ នៅលើកីឡដ្ឋាន RSN កាលពីថ្ងៃអាទិត្យកន្លងទៅ។

សម្រាប់លទ្ធផលល្អប្រពៃបែបនេះជាមួយគ្រាប់បាល់ដល់ទៅ១២គ្រាប់ ត្រូវបានលោក វណ្ណា ថាជាលទ្ធផលមិនបានរំពឹងទុកដោយសារគិតថាក្រសោបយក៣ពិន្ទុ និងការឈ្នះ២ ទៅ៣គ្រាប់។ រយៈពេល ១សប្តាហ៍នេះ ក្រុមរបស់យើងត្រៀមទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន អញ្ចឹងយើងមិនបានប្រើប្រាស់កីឡាករពេញទាំងអស់បាន ទោះបីទទួលបានលទ្ធផលល្អបែបនេះ។

កីឡាករខ្មែរយើងខ្វះនៅបទពិសោធន៍ដើម្បីលេងចាប់ដៃគូជាមួយកីឡាករបរទេសដូចជា ប្រាក់ ធីវ៉ា គាត់អាចធ្វើបាន និងមួយចំនួនទៀតទើបតែប្រហែលបាន ៦០ភាគរយ ដោយត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ នេះក៏ជាចំណុចល្អមួយដែរសម្រាប់ធ្វើការផ្លាស់ប្តូរជាមួយរវាងកីឡាករខ្មែរ និងបរទេស ដើម្បីទុកត្រៀមលេងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

និយាយរួមយើងគិតថាយើងយក៣ពិន្ទុពីពួកគាត់ដោយសង្ឃឹម ៧០ភាគរយ ហើយសម្រាប់គ្រាប់បាល់វិញយើងរំពឹងត្រឹមតែ ២ រឺ៣គ្រាប់។ ប៉ុន្តែស្ថានភាព​ជាក់ស្តែងនៅលើទីលានដោយវគ្គទី១ យើងធ្វើមិនបានល្អ និងបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅវគ្គទី២ ដោយប្រើប្រាស់ការពារ៣ បម្រើ៤ និងប្រយុទ្ធ៣ ដោយព្យាយាមបញ្ចូនបាល់ច្រើន និងព្យាយាមបង្កើតឱកាសច្រើន។

គួរដឹងដែរថា វាជាចំណុចវិជ្ជមានច្រើនជាងអវិជ្ជមានដូចកាលលេងជាមួយ បឹងកេត យើងមានបញ្ហាច្រើននៅតំបន់កណ្តាលដោយត្រូវការបម្រែបម្រួលច្រើន ទៅតាមស្ថានភាពការប្រកួត ហើយនេះក៏ជាកំហុសរបស់ខ្ញុំ។ សង្ឃឹមថា ការប្រកួតក្រោយទៀតយើងនឹងកែប្រែឱ្យមានស្ថានភាពល្អ រវាងការបម្លាស់ទីក្នុងការការពារ និងប្រយុទ្ធ៕