(សៀមរាប)៖ វគ្គចុងក្រោយនៃគម្រោងទីលានបាល់ទាត់១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក («អេ អាយ អេ ខេមបូឌា») បានធ្វើឡើងក្នុងថ្ងៃនេះផ្ទាល់ នៅខេត្តសៀមរាប ដោយនាំមកនូវភាពជោគជ័យ ក្នុងការបំពាក់សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សា ចំនួន ១០០សាលា ទូទាំងប្រទេសកម្ពុជា ដែលសាលានិមួយៗទទួលបាន បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។ គម្រោងនេះត្រូវ​បានបង្កើតឡើង ក្នុងគោលបំណងជួយ​ឲ្យកុមារនៅកម្ពុជា ស្រឡាញ់វិស័យកីឡា ដែលស្របគ្នាជាមួយនឹងការប្តេជ្ញារបស់ អេអាយអេ ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសតាំងពីខែមករាដើមឆ្នាំនេះ ក្នុងស្មារតីអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេអាយអេ ដោយមានគោលបំណងបរិច្ចាគ សម្ភារៈបាល់ទាត់ ដល់សាលាបឋមសិក្សាចំនួន១00សាលា នៅទូទាំងប្រទេសកម្ពុជា។ អតិថិជន អេ អាយ អេ បុគ្គលិក ទីប្រឹក្សាផែនការជីវិត និងសាធារណៈជនជាច្រើនទៀត បានចូលរួមការអបអរនោះ ក្រោមប្រធានបទ «១០០ឆ្នាំដើម្បីការប្តេជ្ញា១» និងចូលរួមលើកកម្ពស់ការរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ ចាប់តាំងពីថ្ងៃនោះមក សម្ព័ន្ធ អេ អាយ អេ ទាំងមូល បានរៀបចំព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ទូទាំងទីផ្សារទាំង១៨របស់ខ្លួន ដើម្បីអបអរដំណើរអាជីវកម្មពេញ១០០ឆ្នាំ ចាប់តាំងពីការកកើតយ៉ាងសាមញ្ញដំបូងនៅទីក្រុងសៀងហៃ រហូតបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតធំជាងគេបំផុតនៅលើពិភពលោក។​

លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អេ ខេមបូឌា ដែលទទួលបន្ទុកលើដំណើរការគម្រោង ទីលានបាល់ទាត់១០០ បានថ្លែងថា «ខួប១០០ឆ្នាំរបស់យើង មិនត្រឹមតែប្រារព្ធឡើង ដើម្បីក្រឡេកមើលលើប្រវត្តិសាស្រ្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសំឡឹងឆ្ពោះទៅរកអនាគត ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវិតកាន់តែប្រសើរឡើង។ ដោយសារតែគំនិតផ្តួចផ្តើមនៃគម្រោងនេះ កុមាររាប់ពាន់នាក់នៅទូទាំងកម្ពុជាទទួលបាន និងអាចប្រើប្រាស់សម្ភារៈបាល់ទាត់ ដែលធ្វើឲ្យខ្ញុំ និងក្រុមការងារទាំងអស់មានមោទនភាពយ៉ាងខ្លាំង»

ពិធីចែកសម្ភារៈបាល់ទាត់ នៃគម្រោងទីលានបាល់ទាត់១០០ ដ៏ធំ និងចុងក្រោយនេះ ទទួលបានការចូលរួមពីអ្នកតំណាងនៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកាជាច្រើននាក់ដែលពីសាលាចំនួន១៤ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសមាជិកក្រុមអ្នកគាំទ្រនៅកម្ពុជា ជាផ្លូវការសម្រាប់ក្លិបបាល់ទាត់ Tottenham Hotspur ដែលជាដៃគូសកលរបស់ អេ អាយ អេ។

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានថ្លែងថា «វាជាថ្ងៃដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ដែលយើងបានសម្រេច ដោយជោគជ័យនូវគម្រោងទីលានបាល់ទាត់១០០ ក្នុងខេត្តសៀមរាបនេះ។ ក្រុមការងារទាំងអស់របស់យើង បានខិតខំធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាការពិត។ ការជួយផ្សព្វផ្សាយសារ ដ៏មានសារៈសំខាន់សម្រាប់ការរស់នៅ ដោយមានសុខភាពល្អ និងអំពីការចូលរួមក្នុងវិស័យកីឡា គឺជាការងារចម្បងនៃបេសកកម្មរបស់ អេ អាយ អេ។ ដូច្នេះយើងសង្ឃឹមថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជា តទៅមុខជាច្រើនឆ្នាំបន្ថែមទៀត»

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់កុមាររាប់ពាន់នាក់នៅក្នុងសាលាបឋមសិក្សា និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស ដែលនេះបន្តជំរុញឲ្យ អេ អាយ អេ ខេមបូឌា នៅតែជាក្រុមហ៊ុនឈានមុខគេ ក្នុងការជួយយុវជនកម្ពុជាឲ្យចាប់យកបែបផែនរស់នៅ ប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ៕