(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខជិត ២ឆ្នាំ ពីវិស័យសិល្បៈស្រុកខ្មែរ ពេលនេះតារាសម្តែង និងជាតារាចម្រៀងប្រុស ទឹកមុខក្រម៉ិចក្រម៉ើម ជំនាយខាងការ៉ាតេដូ លោក សុវណ្ណ គីរី បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីម្តងទៀត តាមរយៈការបញ្ចេញស្នាដៃចម្រៀងយ៉ាងពីរោះ បែបមនោសញ្ចេតនាពីទឹកដីអាមេរិក។ បទ «Time Is Not Important» ជាចំណងជើងចម្រៀងថ្មី របស់លោក សុវណ្ណ គីរី ដោយច្រៀងជាភាសាខ្មែរ បកស្រាយពីរឿងរ៉ាវស្នេហាមនុស្សប្រុសស្រី ត្រូវចិត្តយុវវ័យសម័យថ្មី។

លោក សុវណ្ណ គីរី បានថ្លែងពីទឹកដីអាមេរិក​មកថា លោកបានបាត់មុខពីប្រទេសកម្ពុជាប្រមាណ​២ឆ្នាំមកហើយ ក្រោយពីសម្រេចចិត្តចាកចេញ ទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាភាសាអង់គ្លេស និងជំនាញផលិតកម្មវិធី។ លោក​នឹងត្រឡប់មកវិញយ៉ាងយូរ ៤ឆ្នាំក្រោយ ដើម្បី​មកសម្ដែង និងផលិតកម្មវិធីថ្មីៗ និងប្លែក ក្នុងប្រទេសកម្ពុជា ដើម្បីបញ្ចេញស្នាដៃសិល្បៈ និងជាផ្នែកមួយជួយឲ្យវ័ស័យសិល្បៈរីកចម្រើន។ ដូចនេះហើយ លោកបានរិះរកស្នាដៃថ្មីៗ ដើម្បីកុំឲ្យស្ងប់ស្ងាត់ តាមរយៈធ្វើបទចម្រៀងថ្មីមួយបទ ថ្មីស្រឡាងក្រោមចំណងជើងថា «Time Is Not Importan» ដែលនេះជាបទបើកឆាកក្នុងអាជីពចម្រៀងរបស់ខ្លួន ហើយជាស្នាដៃរួមគ្នា ជាមួយលោក ម៉េង ប៊ុនឡូ និងតារាជើងចាស់ លោក សុវណ្ណ មុន្នី។

លោក សុវណ្ណ គីរី បញ្ជាក់ថា​បទ «Time Is Not Important» គឺជាបទដែលលោកនិពន្ធចេញពីការយល់ឃើញផ្ទាល់ខ្លួន តែមានការសម្រួលថែមថយ ដោយលោក ម៉េង ប៊ុនឡូ និង លោក សុវណ្ណ មុន្នី ហើយសំដៅទៅលើជីវិតស្នេហាមួយគូ បើទោះជាស្គាល់ចិត្តថ្លើមគ្នា និងសារភាពថាស្រឡាញ់គ្នា ក៏មិនប្រាកដថា អាចរស់នៅជាមួយគ្នាអស់មួយជីវិតនោះទេ។ ក្នុងអត្ថន័យបទចម្រៀង គឺស្នេហាមួយគូ ដែលទើបស្រឡាញ់គ្នា ដោយមិនប្រើពេលយូរ ក៏មិនប្រាកដថា មិនអាចរួមរស់នឹងគ្នាយូរអង្វែងនោះដែរ។ សរុបមក គឺបានន័យថា មនុស្សពីរនាក់ បើមានឱកាសបង្ហាញការស្រឡាញ់ គឺគួរតែធ្វើ ដោយកុំរង់ចាំពេលវេលា។ ហេតុដូចនេះទើបបទចម្រៀងដាក់ចំណងជើងថា «Time Is Not Important» ដែលប្រែខ្មែរថា «ពេលវេលា គឺមិនសំខាន់»។

ម្ចាស់បទ «Time Is Not Important» បានបង្ហាញពីអារម្មណ៍ពិតថា លោកសប្បាយរីករាយខ្លាំងណាស់ ដែលស្នាដៃបទចម្រៀងរបស់ខ្លួន គឺជាស្នាដៃប្រឹងប្រែងរួមគ្នារវាងលោក លោក ម៉េង ប៊ុនឡូ និង លោក សុវណ្ណ មុន្នី។ លោក​គ្រោងនឹងថត MV បទនេះ នៅលើទឹកដីអាមេរិក ដោយក្នុងការផលិត MV គឺសុទ្ធតែមាន​អ្នកឯកទេស ខណៈ​ដែលបទចម្រៀងថ្មីៗនឹងចេញបន្តបន្ទាប់ផងដែរ ដូច្នេះសង្ឃឹមថា ទស្សនិកជនទាំងក្នុង និងក្រៅស្រុកគាំទ្រស្នាដៃរបស់លោក៕