(ខាយរ៉ូ)៖ កីឡាករខ្សែប្រយុទ្ធ Riyad Marhez បានជួយឲ្យក្រុមជម្រើសជាតិអាល់ហ្សេរី ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 តាមរយៈស៊ុតបាល់ free kick យកជ័យជម្នះ ២-១ ទៅលើក្រុមនីហ្សេរិយ៉ាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ។

ខ្សែប្រយុទ្ធមកពីក្លឹបមេឃខៀវ Manchester City រូបនេះ បានទាត់បាល់ free kick នៅនាទីបន្ថែម ៩០+៥ ចូលទីយ៉ាងស្អាត ដើម្បីនាំអាល់ហ្សេរី ឡើងទៅប៉ះសេណេហ្គាល់ ដែលបានយកឈ្នះទុយនេស៊ី ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដងក្នុងវគ្គ ៤ក្រុមនារាត្រីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

កីឡាករ William Troost-Ekong បានបើកផ្លូវឲ្យអាល់ហ្សេរី នាំមុខ ១គ្រាប់មុននៅនាទី៤០ ពីការធ្វេសប្រហែសចូលទី ខ្លួនឯង មុនពេលមិត្តរួមក្រុម Odion Ighalo រកគ្រាប់តាមស្មើវិញដោយបាល់ប៉េណាល់ទីនៅនាទី៧២ មុនពេល Riyad Marhez រកគ្រាប់ជ័យនៅនាទីចុងម៉ោង ដែលជាគ្រាប់ទី២ របស់គេផងដែរក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងនេះ។

អាល់ហ្សេរី ត្រូវប៉ះសេណេហ្គាល់ ដើម្បីប្រជែងយកពាន Africa Cup of Nations 2019 ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពេលទុយនេស៊ី ជួបនីហ្សេរីយ៉ា ដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី១៧ ខែកក្កដា៕