(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង ស្រីស្អាតមានសម្រស់ស្រស់ផូរផង់ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បច្ចុប្បន្នត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ទោះបីនាងទើបតែពន្លកក្នុងពិភពសិល្បៈក៏ដោយ។ អ្វីដែលកាន់តែធ្វើឲ្យនាង មានប្រជាប្រិយភាពបន្ថែមនោះ គឺបន្ទាប់ពីមហាជនបានឃើញនាង សរសេរសារលេបខាយ ប្រុងឆក់បេះដូចប៉ូលិសរូបសង្ហារ ពាក់ស័ក្តិ២លើស្មារម្នាក់ ដែលចុះទៅបង្ក្រាបហាងលក់ឡេ កាលពីពេលថ្មីៗនេះ។ ក្រោយពីដឹងថា លោកប៉ូលិសមានម្ចាស់បេះដូងហើយនោះ នាងក៏ដកចិត្តមកវិញ និងបដិសេធរាល់ការលើកឡើងរបស់មហាជន ដែលជានាងលួចស្នេហ៍លោកប៉ូលិសរូបនោះ។ តែយ៉ាងណា តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» រ៉ូស បានបញ្ជាក់បន្ថែមថា បើលោកប៉ូលិស មិនទាន់មានម្ចាស់បេះដូង នាងនឹងសុំរាប់អានធ្វើជាមិត្តពិសេសតែម្តង។

តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានថ្លែងប្រាប់នូវអាថ៌កំបាំងផ្ទាល់ខ្លួន និងរឿងរ៉ាវឯកជនជាច្រើន ដើម្បីបង្ហាញទស្សនិកជន ក៏ដូចជាញ៉ាំងកម្មវិធីសម្ភាសន៍ ឲ្យមានភាពសប្បាយរីករាយ។ ក្នុងចំណោមនោះ នាងបានបង្ហាញប្រាប់នូវរឿងរ៉ាវស្នេហាយ៉ាងដូច្នេះថា បន្ទាប់ពីបែកបាក់ជាមួយនឹងគូស្នេហ៍ ជិតមួយឆ្នាំមក បច្ចុប្បន្ននេះនៅមិនទាន់មានម្ចាស់បេះដូងទេ។ ភ្ជាប់ជាមួយនឹងការទម្លាយប្រាប់បែបនេះ រ៉ូស លើកយកនូវមូលហេតុថា ការបែកគ្នា ក៏ព្រោះតែអតីតសង្សាររបស់នាង ស្តាប់តាមការចាក់រុករបស់អ្នកដទៃ ដែលនិយាយមិនល្អពីនាង ខណៈអំឡុងពេលមានទំនាក់ទំនងជាមួយគ្នា នាងបានព្យាយាមធ្វើអំពើល្អ អស់ទៅហើយនោះ។

តារាសម្តែងស្រីរូបរាងសិចស៊ី គួរជាទីចាប់អារម្មណ៍ដល់ក្រសែ​ភ្នែកមហាជន កញ្ញា រ៉ូស បានបន្ថែមថា រហូតមកទល់នឹងបច្ចុប្បន្ន ខណៈខ្លួននៅទំនេរមិនទាន់មានម្ចាស់បេះដូងផងនោះ ក៏មានទស្សនិកជនថា នាងលង់ស្នេហ៍លោក ប៉ូលិសស័ក្តិ២ ខណៈការលើកឡើងបែបនេះ ត្រូវបាននាងបដិសេធ ព្រោះអ្វីដែលនាងបានសរសេរសារលើហ្វេសប៊ុក ដែលថានាងលង់ស្នេហ៍ប៉ូលិស គឺគ្រាន់តែជាកាលែងសើចប៉ុណ្ណោះ ដោយមិននឹកស្មានថា មានអ្នកចាប់អារម្មណ៍ឡើយ។ និយាយដល់ចំណុចនេះ នាងបានបន្ថែមក្នុងលក្ខណៈលែងសើចថា តែបើលោកប៉ូលិស នៅទំនេរមិនទាន់មានគ្រួសារ នាងនឹងសុំរាប់អាន ណាត់ញ៉ាំអាហារ ឬមើលកុនជាដើម ដើម្បីបង្កើតមិត្តភាពជាមួយគ្នា។

យ៉ាងណាមិញ កញ្ញា រ៉ូស បានបញ្ជាក់ថា ការលើកឡើងបែបនេះគឺ ដើម្បីតែញ៉ាំងកម្មវិធីឲ្យសប្បាយប៉ុណ្ណោះ ហើយប្រសិនបើលោកប៉ូលិស បានទស្សនាកិច្ចសម្ភាសន៍របស់នាង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» សង្ឃឹមថា លោកមិនប្រកាន់ទេ។ នាងសង្កត់ធ្ងន់ថា ចាប់តាំងពីបែកបាក់ស្នេហាមុនមក និងមិនស្រឡាញ់ ឬទាក់ទងជាដាច់ខាតចំពោះបុរស ដែលមានគ្រួសារហើយ ព្រោះមិនចង់ពាក់ព័ន្ធនឹងស្វាមីរបស់គេ​ទេ។

ទស្សនាបទសម្ភាសន៍កញ្ញា រ៉ូស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដូចខាងក្រោម៖