(កូរ៉េខាងត្បូង)៖ បន្ទាប់ពីមានរឿងអាស្រូវគ្រឿងញៀនពាក់ព័ន្ធជាមួយអតីតតារាចម្រៀង B.I សមាជិកក្រុម ​iKON មក កាលពីពេលថ្មីៗនេះ ស្រាប់តែញត្តិមួយ ត្រូវបានបង្ហាញឡើង មានចំណងជើងថា «ញតិ្តដើម្បីបញ្ឈប់រាល់ការផ្សព្វផ្សាយទាំងអស់របស់ផលិតកម្មYG» ដែលធ្វើឡើងដោយមហាជនក្នុងគោលបំណងឲ្យតារាទាំងអស់ នៅក្នុងផលិតកម្ម YG Entertainment បញ្ឈប់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងចេញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន koreaboo នៅថ្ងៃទី ១៩ខែមិថុនា ឆ្នាំ ២០១៩។

អ្វីដែលជារឿងស្ទើរមិនគួរឲ្យជឿនោះ ញតិដែលនឹងត្រូវប្រមូលហត្ថលេខា រហូតដល់ថ្ងៃទី ១២ ខែកក្កដា ប៉ុន្តែគិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ញត្តិនេះ មានអ្នកចូលរួមចុះហត្ថលេខារហូតដល់ទៅលើសពី ៣០០០០នាក់ ដែលនេះជាចំនួនច្រើនក្នុងរយៈពេល ៦ថ្ងៃ។ ញតិ្តនេះត្រូវបានគេចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី១២ ខែមិថុនា។ ប្រជាជនកូរ៉េជាច្រើនក៏បានសន្យាថា ពួកគេនឹងធ្វើពហិការមិនស្ដាប់បទចម្រៀងផលិតកម្ម YG Entertainment ដែលចេញដោយសិល្បករនៅក្នុងផលិតកម្មនេះតទៅទៀតទេ។

អ្នកនិយមលេងបណ្ដាញសង្គមអីនធឺណេតនៅប្រទេសកូរ៉េ សង្ឃឹមថា ញត្តិនេះនឹងជម្រុញឲ្យតារានៅក្នុងផលិតកម្ម ដែលគ្មានកំហុស និងមិនជាប់ពាក់ព័ន្ធគ្រឿងញៀន អាចបញ្ចប់កុងត្រាជាមួយផលិតកម្ម YG ហើយវិលទៅរកផលិតកម្មផ្សេងជំនួសវិញ។

​ជាមួយគ្នានេះផងដែរ អ្នកគាំទ្រជាច្រើននៅក្នុងវិស័យ K-Pop ក៏សម្ដែងការព្រួយបារម្ភ ចំពោះសិល្បករ សិល្បការិនី ដោយក្នុងនោះអ្នកគាំទ្រសង្ឃឹមថា ក្រុម BLACKPINK, WINNER, Jeon Somi, Lee Hi, AKMU និង Treasure13 នឹងមិនប៉ះពាល់ដល់ប្រជាប្រិយ និងសកម្មភាពរបស់ពួកគេនោះទេ៕

BLACKPINK

WINNER

Jeon Somi

Lee Hi