(ភ្នំពេញ)៖ ជ័យជម្នះលើក្រុមអគ្គសនីកម្ពុជាក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍ គឺជាការឈ្នះដ៏ល្អមួយសម្រាប់ក្រុមបាល់ទាត់ភ្នំពេញក្រោន នៃសប្តាហ៍ទី១១ ជើងទី១ ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ជាមួយគ្នានោះ គ្រូបង្វឹក ស៊ុំ វណ្ណា របស់ក្រោនបានយល់ថា ជ័យជម្នះនេះគឺវាបានមកពីការរួមសហការគ្នាធ្វើការជាក្រុមទាំងថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាក្រុមកីឡាករទាំងអស់គ្នានាពេលកន្លងមកនេះ។ គ្រូបង្វឹកវ័យ ៣៨ឆ្នាំរូបនេះ បាននិយាយថា «ជាដំបូង ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងជាពិសេសទៅក្រុមកីឡាកររបស់យើង ព្រោះអ្វីដែលយើងឃើញនៅថ្ងៃនេះ គឺវាបង្ហាញអំពីគុណភាព និងការគ្រប់គ្រងបាល់របស់ក្រុមកីឡាករ ដោយផ្តោតលើតំបន់ប្រយុទ្ធ»

ជុំវិញនឹងការផ្តល់ឱកាសឲ្យកីឡាករ២រូបគឺកីឡាករ លឹម ពិសុទ្ធ និងសេត រ៉ូហ្សាក់ ចូលលេងក្នុងការប្រកួតនេះគ្រូបង្វឹករូបនេះបានបញ្ជាក់ថា «ពួកគេជាធនធានល្អមួយសម្រាប់ក្រុម យើងព្យាយាមផ្តល់ឱកាសដល់កីឡាករទាំងអស់ដើម្បីបានលេង»

អ្វីដែលសំខាន់ ពិសុទ្ធ ជាកីឡាកររបស់ក្រុមឈុតធំ ប៉ុន្តែគេមានភារៈកិច្ចជាមួយនិងក្រុមថ្នាលអាយុក្រោម ១៨ឆ្នាំ របស់យើង ហើយជាគេក៏តែងតែមក​ធ្វើការហ្វឹកហាត់ជាមួយយើងផងដែរ ដូច្នេះយើងក៏សម្រេចដាក់គេចូលលេងសម្រាប់ការប្រកួតនេះ ហើយជាក់ស្តែងគេរកគ្រាប់បានតែម្តង សរុបមកពិសុទ្ធ និងរ៉ូហ្សាក់ជាកីឡាករល្អដែលយើងនិងត្រៀមដាក់ពួកគេក្នុងពានរង្វាន់សម្តេច។

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមអគ្គិសនីកម្ពុជាបានបញ្ចប់ទៅជាមួយនឹងលទ្ធផល ៥-០ អ្នកទាត់បញ្ចូលទីទាំង៥រូបនោះរួមមាន កីឡាករ Paulo Victor កីឡាករ អ៊ុក សុធី កីឡាករ លឹម ពិសុទ្ធ កីឡាករ សេត រ៉ូហ្សាក់ និងមានមួយគ្រាប់គឺជាការទាត់ចូលទីដោយខ្លួនឯងពីក្រុមអគ្គិសនីកម្ពុជា៕