(កូរ៉េខាងត្បូង)៖ លោក Yang Hyun Suk ដែលត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម YG Entertainment កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ព័ត៌មាន allkpop បានចុះផ្សាយថា លោកបានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ និងប្រកាសឈប់កាន់តំណែងទាំងអស់នៅក្នុងផលិតកម្មមួយនេះ ក្រោយពីលោកបម្រើការអស់រយៈពេល ២៣ឆ្នាំ។

ការលាលែងពីតំណែងរបស់ Yang Hyun Suk ធ្វើឡើង បន្ទាប់ពីមានបញ្ហាមួយចំនួនរបស់ផលិតកម្ម YG Entertainment ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ គ្រឿងញៀន ដោយក្នុងនោះ អតីតតារាចម្រៀង Seungri ត្រូវបានគេចោទប្រកាន់ចែកចាយវីដេអូនៅក្នុងក្រុមជជែកកម្សាន្ត KakaoTalk ការចោទប្រកាន់ពីការគេចវេសបង់ពន្ធ និងរឿងអាស្រូវគ្រឿងញៀន ដែលទាក់ទងនឹងអតីតតារាចម្រៀង B.I សមាជិកក្រុម iKON។

យោងទៅតាមសេចក្ដីថ្លែងការណ៍របស់ Yang Hyun Suk លោកបានឲ្យដឹងថា «នេះគឺជា Yang Hyun Suk។ ខ្ញុំសុំទោស ទៅដល់អ្នកគាំទ្រ ដែលមានការស្រឡាញ់មកលើ YGE និង តារាចម្រៀងប្រចាំផលិតកម្មរបស់ពួកយើង។ ខ្ញុំក៏ធ្វើការសុំទោសដោយស្មោះដល់បុគ្គលិក ក៏ដូចជាក្រុមការងារទាំងអស់ ដែលនៅស្ងៀមបន្តធ្វើការងាររបស់ពួកគេ បើទោះបីជាកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងក៏ដោយ។ ខ្ញុំបានរង់ចាំដោយការអត់ធ្មត់ក្នុងស្ថានភាពនេះ នៅពេលដែលពាក្យប្រមាថ និងភាពអាម៉ាស់ ត្រូវបានគេនិយាយថា ជាសេចក្ដីពិត ដោយគ្មានការសម្រេចចិត្ត។ ទោះជាយ៉ាងណាក្ដី ខ្ញុំគិតថា វានឹងលំបាកក្នុងការស៊ូទ្រាំនៅទីនេះបន្តទៅទៀត»

Yang Hyun Suk បន្តថា «ខ្ញុំមិនគិតថា ខ្ញុំអាចនៅដឹកនាំ YG តទៀតបាននោះទេ អ្នកសិល្បៈទាំងអស់ប្រចាំផលិតកម្មរបស់យើង ឬអ្នកគាំទ្រ បន្តរងផលប៉ះពាល់ដោយសារតែខ្ញុំ។ ស​ម្រាប់រយៈពេល ២៣ឆ្នាំនេះ ខ្ញុំបានលះបង់ជីវិតពាក់កណ្ដាល និងអ្វីៗគ្រប់យ៉ាង ដើម្បីកសាង YG»។ ការគាំទ្រ​តន្រ្ដីដ៏ល្អបំផុត និងសិល្បករ-សិល្បៈការិនីដ៏ល្អបំផុត គឺជាសុភមង្គលដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានគិតពីរបៀបនេះ ជារឿងតែមួយគត់ ដែលខ្ញុំអាចធ្វើបាន ដើម្បីចូលរួមចំណែកទៅដល់អ្នកគាំទ្រ និងសង្គម»

Yang Hyun Suk បន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងលាឈប់ពីមុខតំណែង និងរឿងទាំងអស់នៅ YG ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិនរងប៉ះពាល់អ្វីទៀតឡើយ សម្រាប់ផលិតកម្ម YG និងអ្នកគ្រប់គ្នា ដោយសារតែរូបខ្ញុំ។ បច្ចុប្បន្នមានអ្នកជំនាញជាច្រើនទៀតនៅ YG ដែលមានសមត្ថភាពជាងខ្ញុំ។ ខ្ញុំគិតថា ការចុះចេញពីតំណែងគឺជាឱកាសល្អសម្រាប់ពួកគេ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ ស្ថេរភាព YG គឺជាសេចក្ដីប្រាថ្នាតែមួយគត់សម្រាប់ខ្ញុំ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ការពិតនៃព័ត៌មាន និងរឿងរ៉ាវទាំងអស់ នឹងត្រូវបានបង្ហាញឲ្យដឹងក្នុងពេលឆាប់ៗ បន្ទាប់ពីមានការស៊ើបអង្កេត»