(ភ្នំពេញ)៖ បន្ទាប់ពីខិតខំធ្វើការរកប្រាក់ព្យាបាលជំងឺម្តាយ អស់រយៈពេលជាច្រើនខែឆ្នាំមក លោក អ៊ុន សុធា នៅតែមិនអាចសម្រេចបំណង​ឲ្យម្តាយជាសះស្បើយត្រឡប់មកវិញបាន ដោយម្តាយរបស់លោកបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។ ទោះយ៉ាងណាក្តី តារាប្រុសរូបនេះត្រូវបានគេដឹងថា មានការប្រឹងប្រែងអស់ពីលទ្ធភាពហើយ ដើម្បីព្យាបាលម្តាយជាទីស្រឡាញ់។ ទន្ទឹមគ្នានេះ អ្វីដែលមហាជនចាប់អារម្មណ៍ចំពោះរូបលោក គឺចាប់តាំងពីម្តាយឈឺ រហូតដល់មរណភាព លោក អ៊ុន សុធា ត្រូវបានគេមើលឃើញថា មិនមានការទទូចសុំជំនួយពីសប្បុរសជន ដូចតារាមួយចំនួននោះទេ ពោលកន្លងទៅលោកគ្រាន់តែធ្លាប់ប្រកាសថា សុំឲ្យផលិតកម្ម​មួយ​ចំនួន ដែល​​ចំពាក់​លុយ​ថ្លៃថត ឱ្យរួសរាន់​គិត​គូរ​ ព្រោះ​ត្រូវ​ការ​យកមក​ប្រើប្រាស់ ខណៈកំពុង​​មាន​​ម្តាយ​​ឈឺក្នុង​​បន្ទុកតែប៉ុណ្ណោះ។

ជាក់ស្តែង ក្រោយពីម្តាយទទួលមរណភាព លោក អ៊ុន សុធា ដែលកំពុងកាន់ទុក្ខនោះ បានបង្ហាញនូវអារម្មណ៍ស្តាយស្រណោះម្តាយជាទីស្រឡាញ់យ៉ាងខ្លាំង ព្រោះពេលនេះមិនទាន់កាត់ចិត្តបាននៅឡើយ ទោះបីជាកន្លងទៅដឹងថា ជំងឺម្តាយមិនអាចធូរស្បើយ និងព្យាយាមកាត់ចិត្តបណ្តើរៗក៏ដោយ។ ក្នុងបណ្តាញសង្គម​ហ្វេសប៊ុករបស់លោក អ៊ុន សុធា បានសរសេរថា «ពេលនេះម្តាយខ្ញុំ​ គាត់បានផុតទុក្ខហើយ​ សូមឲ្យម៉ែទៅកាន់ឋានដែលសុខ​ និងកើតជាតិណាៗ សូមកុំឲ្យម៉ែមានជំងឺកាចសាហាវមកបៀតបៀនដូចជាតិនេះទៀត​ ហើយសូមម៉ែឲ្យពរជ័យដល់បងប្អូនកូនចៅទាំងអស់​ ទទួលបានសេចក្តីសុខសេចក្តីចំរើន​ ឈ្នះអស់មាទាំងឡាយ ​បើមានជាតិក្រោយពិត​ សូមម៉ែមកកើតជាកូនរបស់ខ្ញុំម្តង​ កូននឹងមើលថែតបស្នងសងគុណម៉ែវិញ​។ ម៉ែគឺនៅតែឋិតក្នុងបេះដូងកូនជានិច្ច​ គ្មានថ្ងៃបំភ្លេចម៉ែបាន​ ស្រលាញ់​ម៉ែណាស់។ ជាចុងក្រោយ​សូមអរគុណ​ដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមរំលែកទុក្ខ​ ក្នុង​ការ​បាត់បង់ម្តាយខ្ញុំ​។ សូមជូនពរអ្នកទាំងអស់គ្នា​ ទទួលបាននូវពុទ្ធពរទាំង៤ប្រការ​ កុំបីឃ្លានឃ្លៀតឡើយ»

យ៉ាងណាមិញ ងាកមកមតិរបស់មហាជន ជាពិសេសអ្នកគាំទ្ររបស់លោក អ៊ុន សុធា ឯណោះវិញ ក៏បានសរសើរលោកមិនដាច់ពីមាត់ ដោយនិយាយតៗគ្នាថា ជាតារាប្រុសមួយរូប ដែលតារាដទៃគួរយកគំរូតាម ព្រោះតាំងពីម្ដាយគាត់ឈឺរហូតដល់ទទួលមរណភាព លោកមិនដែលលើកដៃសុំជំនួយពីនរណាឡើយ ខុសពីតារាដ៏ទៃឲ្យតែមានទុក្ខស្រែកសុំជំនួយ ប្រើយុទ្ធសាស្ត្រត្អូញត្អែរ ស្ទើរក្លាយជាអាជីវកម្មទៅហើយនោះ។ ដោយឡែកសម្រាប់តារាប្រុស អ៊ុន សុធា បែរជាប្រកាន់ជំហរថា មានតែខិតខំរកប្រាក់ និងប្រាក់ដែលបានមកពីការសន្សំកន្លងមក ទៅព្យាបាលម្តាយឲ្យអស់ពីលទ្ធភាពដោយខ្លួនឯងប៉ុណ្ណោះ។ ការលើកឡើងនេះ ត្រូវបានមហាជនថា ជាប្រការមួយគួរយកគំរូបាន ព្រោះលោក អ៊ុន សុធា មានគំនិត ចេះទុកដាក់សន្សំលុយពេលរកបាន ខុសពីតារាមួយចំនួនពេលរកលុយបាន ចាយវាយហឺហារ តែពេលមានទុក្ខបែរជារកជំនួយទៅវិញ។

គួរជម្រាបថា ម្តាយរបស់លោក អ៊ុន សុធា បានទទួលមរណភាពដោយសារជំងឺទឹកនោមផ្អែម លើសឈាម បេះដូង និងជំងឺមហារីក ក្រោយលោកខឹតខំព្យាបាលអស់ពីលទ្ធភាព ម្តាយរបស់លោក បានចែកឋាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ មហាជនបាននាំគ្នាចូលរួមរំលែកទុក្ខលោកគ្រប់គ្នា និងបួងសួងឲ្យម្តាយរបស់លោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕