(ភ្នំពេញ)៖ ទីបំផុសអនាគតរបស់កីឡាករ ច្រឹង ពលរដ្ឋ ជាមួយក្លឹប Buriram United របស់ថៃបានបញ្ចប់ហើយ បន្ទាប់ពីសមាជិកក្លឹបក្រសួងការពារជាតិ (ទ័ព) បានប្រកាសលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា គេបានឈានដល់ការចែកផ្លូវជាមួយក្លឹបយក្សរបស់ថៃនេះហើយ។

ច្រឹង ពលរដ្ឋ បានសរសេរថា «ជាព័ត៌មានច្បាស់ការខ្ញុំបាទ និងក្លឹបបាល់ទាត់ BURIRAM UNITED បានឈានទៅដល់ការចែកផ្លូវគ្នាហើយ ដោយសារតែបញ្ហាពេលនោះ របួសខ្ញុំនៅមិនទាន់ជាសេះស្បើយ ស្របពេលដែលក្លឹប Buriram គេចាប់ផ្តើមប្រមូលផ្តុំ និងចាប់ផ្តើមលីគប្រទេសថៃ»

ពលរដ្ឋ បានបន្ដថា «ក្នុងពេលបច្ចុប្បន្ន ក៏មានក្លឹបមួយចំនួននៅក្រៅប្រទេស ក៏បានទាក់ទងក្នុងការយកខ្ញុំទៅចូលរួម ប៉ុន្តែខ្ញុំនឹងជំរាបជូននៅពេលព័ត៌មានច្បាស់ការ ក្នុងពេលនេះ ខ្ញុំផ្តោតអារម្មណ៍នៅក្នុងក្លឹបក្រសួងការពារជាតិសិនជាថ្មីម្តងទៀត។ សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងនៅក្បែរខ្ញុំជានិច្ច»

សូមរំឭកថា ពលរដ្ឋ ត្រូវបានក្លឹប Buriram របស់ថៃ ប្រកាសខ្ចីជើងរយៈពេល ២រដូវកាល កាលពីដើមរដូវកាលកន្លងទៅ តែលុះចូលដល់រដូវកាលឆ្នាំ២០១៩ ជិតចាប់ផ្ដើម ពលរដ្ឋ ត្រូវបានធ្វើដំណើរទៅថៃ ដើម្បីរួមរស់ជាមួយទ្រនំថ្មី តែបានប្រហែល ១សប្ដាហ៍ Buriram ក៏ឲ្យកីឡាករក្រសួងការពារជាតិរូបនេះមកព្យាបាលរបួសជង្គង់វិញ រហូតដល់ពេលនេះ ទើប ពលរដ្ឋ ប្រកាសចែកផ្លូវគ្នាជាផ្លូវការតែម្ដង៕