(សៅប៉ូឡូ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកនៃពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) Copa America 2019 ក្រោយបំបាក់គូប្រជែងបូលីវី ក្នុងលទ្ធផល ៣-០ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា)។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Estadio do Morumbi ស្ថិតក្នុងទីក្រុង Sao Paulo នៅប្រទេសប្រេស៊ីលនោះ ក្រុមម្ចាស់ផ្ទះមួយនេះមិនអាចបំបែកហ្វូងការពាររបស់ក្រុមភ្ញៀវបូលីវីបានឡើយ ដោយរក្សាលទ្ធផល ០-០ បណ្តោះអាសន្នក្នុងវគ្គទី១ រយៈពេល ៤៥នាទី តែកីឡាករមកពីក្លឹបអេស្ប៉ាញ FC Barcelona, Philippe Coutinho រកបាន ២គ្រាប់ភ្លាមៗនៅនាទី៥០ ដោយបាល់ប៉េណាល់ទី និងនាទី៥៣ មុនពេលមិត្តរួមក្រុម Everton រកបានគ្រាប់ទី៣ នៅនាទី៨៥។

តាមរយៈជ័យជម្នះនៅថ្ងៃបើកឆាកនេះដែរ បានធ្វើឲ្យអតីតក្រុមជើងឯកពាន Copa America ៣សម័យ ប្រេស៊ីលឡើង ទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្នផងដែរ ក្រុមឈរនៅលំដាប់លេខ១ ពិភពលោកពីការឈ្នះពាន FIFA World Cup បាន ៥សម័យច្រើនជាងគេមួយនេះពុំមានកីឡាករសំខាន់ Neymar មកពីក្លឹប PSG ឡើយ ដោយសារមានបញ្ហារបួសជើង នៅអំឡុងយកឈ្នះហុងឌុយរ៉ាស់ ៧-០ ក្នុងមិត្តភាពអន្តរជាតិកាលពីសប្តាហ៍មុន៕