(វ៉ាសរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំអេក្វាទ័រ បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ FIFA U20 World Cup 2019 នៅប្រទេសប៉ូឡូញ ក្រោយយកឈ្នះក្រុម U20 អ៊ីតាលី ១-០ ក្នុងនាទី បន្ថែម ១៥នាទី ២ដងយប់មិញនេះ។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលបានធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ នៃម៉ោងធម្មតា ៩០នាទីនៅកីឡដ្ឋាន Gdynia ស្ថិតក្នុងទីក្រុង Gdynia ប្រទេសប៉ូឡូញ មុនពេលកីឡាករ Mina ធ្វើបានសម្រេច ១គ្រាប់នៅនាទីទី១០៤ ក្នុងម៉ោងថែម ១៥នាទី ២ដង។

អេក្វាទ័រ បានធ្លាក់មកប្រកួតដណ្តើមចំណាត់ថ្នាក់លេខទល់នឹងអ៊ីតាលី ក្រោយពេលក្រុមមកពីតំបន់អាមេរិកឡាទីនមួយ នេះ បានចាញ់ក្រុម U20 កូរ៉េខាងត្បូង ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ៊ីតាលីបានចាញ់ U20 អ៊ុយក្រែនក្នុង លទ្ធផល ១-០ ដូចគ្នា។

ជំនួបវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកពាន FIFA U20 World Cup 2019 រវាង U20 កូរ៉េខាងត្បូង ទល់នឹង U20 អ៊ុយក្រែន នឹងធ្វើឡើងនៅនារាត្រីថ្ងៃសៅរ៍ ទី១៥ ខែមិថុនានៅម៉ោង ២៣៖០០នាទី (ម៉ោងនៅកម្ពុជា)៕