(ភ្នំពេញ)៖ លោក សន ពិសិដ្ឋ គឺជាតារាសម្តែងប្រុសមួយរូប ដែលមានភាពលេចធ្លោរ ក្នុងវិស័យឧស្សាហ៍កម្មភាពយន្តកម្ពុជានាពេលបច្ចុប្បន្ន។ ដោយសាររូបរាងស្រស់សង្ហា មានសាច់ដុំធំៗ តារាប្រុសដួងនេះ មិនត្រឹមតែត្រូវបានខាងភាពយន្តនោះទេ ថែមទាំងមានបណ្តាក្រុមហ៊ុននានា ទាក់ទងថតពាណិជ្ជកម្មជាញឹកញាប់ផងដែរ។ តែយ៉ាងណា ក្រៅពីជោគជ័យមួយផ្នែកក្នុងការងារសិល្បៈ ងាកមកបញ្ហាជីវិតស្នេហាវិញ លោក សន ពិសិដ្ឋ ហាក់មិនសមប្រកបឡើយ។ ដូច្នេះចង់ដឹងពី​បញ្ហាក្រោយខ្នងក្រៅពីសិល្បៈរបស់លោកយ៉ាងណានោះ លោកនឹងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។

ជាការកត់សម្គាល់ ទស្សនិកជនភាគច្រើនតែងតែតាមដាន និងដឹងឮតែជីវិតសិល្បៈរបស់លោក សន ពិសិដ្ឋ ប៉ុណ្ណោះ ពោលមិនបានដឹងពីជីវិតផ្ទាល់ខ្លួនរបស់លោកឡើយ។ បើតាមការបង្ហើបឲ្យដឹង តារាប្រុសរូបនេះ ធ្លាប់មានភរិយា និងមានកូនមួយក្នុងបន្ទុកទៀតផង តែយ៉ាងណាបច្ចុប្បន្នលោកក៏ត្រូវបានគេបង្ហើបបន្ថែមថា ជាបុរសពោះម៉ាយកូនមួយទៅវិញ។ ទោះបីជាការងារសិល្បៈជោគជ័យ តែមិនបានន័យថារឿងស្នេហា ជីវិតផ្ទាល់ខ្លួនជោគជ័យនោះទេ។

ដើម្បីឲ្យជ្រាប់កាន់តែច្បាស់ ទាំងបញ្ហាផ្ទាល់ខ្លួនរបស់លោក សន ពិសិដ្ឋ​ភា ព្រមទាំងការតស៊ូ ពុះពារព្យាយាមនឹងវិស័យសិល្បៈ ទំរាំមកដល់ថ្ងៃនេះ បានឆ្លងការឧបសគ្គអ្វីខ្លះនោះ លោកនឹងមកចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីបកស្រាយឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់។ ជាពិសេសដើម្បីឲ្យតារាប្រុសៗទើបពន្លកថ្មី យកគំរូតាម។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕