(ភ្នំពេញ)៖ ជាការពិត មួយរយៈមកនេះមានករណីឃាតកម្មបានកើតឡើងក្នុងសង្គមខ្មែរជាបន្តបន្ទាប់ សឹងតែធ្វើឲ្យមនុស្សទូទៅខ្លាចញញើត មិនចង់ដឹងឮរឿងនេះតទៅទៀតក៏មាន។ បន្ទាប់ពីថ្មីៗនេះ មានករណីឃាតកម្ម ស្ត្រីម្នាក់បានសម្លាប់មិត្តភ័ក្តខ្លួនឯងយ៉ាងសាហាវឃោរឃៅ ដោយកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលនោះ ស្រាប់តែម្ចាស់ផលិតកម្ម មាតុចក្រ លោកហ៊ុយ យ៉ាឡេង ចេញមុខមកបញ្ចេញមតិក្នុងន័យស្នើសុំឲ្យបងប្អូនខ្មែររួមគ្នា ធ្វើបុណ្យសាងអំពើល្អ និងប្រដូចស្ត្រីរងគ្រោះ ថាមានចំហាយបិសាចសន្ឋិត។

ជាក់ស្តែង តាមរយៈបង្ហោះរូបភាពមួយសន្លឹករបស់ស្ត្រីឃាតករ មានច្នៃរូបដាក់មុខបិសាចនោះ លោក ហ៊ុយ យ៉ាឡេង បានសរសេរសារយ៉ាងដូច្នេះថា «សារជាតិ មនុស្សអាក្រក់ ចិត្តខ្មៅអប្រិយ។ កាន់តែកើតមានលើដី ដ៏ល្អប្រពៃនៃយើងហើយ។ មានតែប្រយ័ត្ន ការពារគ្រប់នាទី បន់ស្រន់ធ្វើបុណ្យ សុំកុំឲ្យជួប​រួមគ្នាធ្វើល្អ ធ្វើបុណ្យទាំងអស់គ្នា ទើបចំហាយបិសាច និងមនុស្សអាក្រក់ វារលាយបាត់ពីលោកនេះ»

តាមរយៈសារដ៏មានខ្លឹមសារខាងលើនេះ បានធ្វើឲ្យទស្សនិកជនដែលតែងតែគាំទ្រស្នាដៃរបស់លោក និងមិត្តក្នុងបណ្តាញសង្គម បង្ហាញនូវការគាំទ្រ ចំពោះមតិដែលលោកបានលើកឡើងជាច្រើន។ ព្រោះបើស្រមៃទៅលើសកម្មភាពឃោរឃៅដែលឃាតកបានធ្វើ គឺពិតជាសាហាវយ៉ាងខ្លាំង សឹងតែធ្វើឲ្យគ្រប់គ្នាខ្លាចរអាតែម្តង។

គួរជម្រាបថា ចំពោះករណីខាងលើនេះ មិនត្រឹមតែម្ចាស់ផលិតកម្ម មាតុចក្រ លោក ហ៊ុយ យ៉ាឡេង ម្នាកនោះទេបង្ហាញនូវអារម្មណ៍ខ្លាចរអា អាណិតអាសូរដល់ជនរងគ្រោះ និងបញ្ចេញមិតមិនពេញចិត្តចំពោះអំពើរបស់ឃាតក ពោលគឺពលរដ្ឋខ្មែរ និងអ្នកលេងសង្គមសឹងតែ ៩៩ បានសម្តែងនូវការហួសចិត្ត​ ព្រមទាំងអំពាវនាវឲ្យតុលាការផ្តន្ទាទោស និងចាត់ការតាមនីតិវិធីច្បាប់ឲ្យធ្ងន់ធ្ងរផងដែរ៕