(កូរ៉េខាងត្បូង)៖ អតីតសមាជិកក្រុម KARA និង ធ្លាប់សម្ដែងរឿង «អ្នកប្រមាញ់ទីក្រុង» នាង Goo Hara ត្រូវបានគេជួយសង្រ្គោះ និង បញ្ចូនទៅមន្ទីរពេទ្យ បន្ទាប់ពីរូបនាងព្យាយាមប៉នប៉ងធ្វើអតិឃាត នៅក្នុងគេហដ្ឋានរបស់នាង។ នេះបើតាមការចេញផ្សាយដោយ Channel NewsAsia នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩។

មានរបាយការណ៍ពីអ្នកគ្រប់គ្រងស្ថានីយ៍ប៉ូលីស Gangnam បានបង្ហាញថា ប៉ូលីសត្រូវបានគេបញ្ជូនទៅកាន់ផ្ទះរបស់ Hara នៅក្នុង Cheongdam-dong (ឆុងដាមដុង) នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែឧសភា នៅម៉ោងប្រហែល ១២:៤០ នាទី (ម៉ោងនៅក្នុងតំបន់)។

នៅអំឡុងពេលជួយសង្រ្គោះ គេបានឃើញផ្សែងនៅក្នុងផ្ទះ ប៉ុន្តែ Hara ត្រូវគេបញ្ជាក់ថា បានបញ្ចូនទៅសង្រ្គោះទាន់ពេលវេលា ដោយមិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ នៅមុនពេលសម្លាប់ខ្លួន នាងក៏បានបង្ហោះនៅលើបណ្ដាញអ៊ីនស្តារក្រាមរបស់នាង ដោយសរសេរពាក្យថា «Annyeong (អាន់ញ៉ង់)» ដែលមានន័យថា និយាយពាក្យសួស្ដី ឬ និយាយពាក្យលា ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានក្ដីព្រួយបារម្ភជាខ្លាំង។

សូមជម្រាបថា តារាស្រី Goo Hara បានជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ជាច្រើន ជាមួយអតីតមិត្តប្រុសរបស់នាងឈ្មោះ Choi Jong Bum (ឆយ ចុងបុម) អំពីបទរំលោភបំពាន និងបរិហារកេរ្តិ៍ ក្នុងការបង្ខំឲ្យបង្ហាញវីដេអូផ្លូវភេទរបស់ពួកគេ។ ចំពោះការងារសិល្បៈវិញ តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យាកាលពីដើមឆ្នាំ២០១៩នេះ ហើយមិនបានបន្តកុងត្រាថ្មីនោះទេ៕