(សេអ៊ូល)៖ ក្រុម BTS បានឈានដល់ចំណុចកំពូលមួយដែលមិនគួរឱ្យជឿ ខណៈគណនី Twitter រួមរបស់ក្រុមនេះ ដែលមានឈ្មោះថា (@BTS_twt) មានចំនួន Followers រហូតដល់ជាង ២០លាននាក់។

គណនីនេះនៅតែបន្តជាបណ្តាញសង្គមរបស់កូរ៉េ ដែលទទួលបានការពេញនិយមបំផុត ហើយបានកើនពី ១៥លាន ទៅ ២០លាននាក់ រយៈពេលមិនដល់ ១ឆ្នាំផង។

ចំណែកឯគណនីកូរ៉េដែលទទួលបានការពេញនិយមបន្ទាប់ គឺបានទៅលើ គណនីផ្លូវការរបស់ក្រុម BTS នេះដដែល ដែលមានឈ្មោះថា «@bts_bighit» ដែលឥឡូវនេះមានអ្នក Follow រហូតដល់ទៅជាង ១៥លាននាក់។ គណនី BTS ទាំងពីរនេះ គឺជាគណនី Twitter កូរ៉េ ដែលមាន Followers ជាង ១៥លាននាក់។ ងាកមកគណនី Twitter របស់ Big Hit Entertainment ដែលជាភ្នាក់ងាររបស់ BTS វិញ មានចំនួនអ្នក Follow ជាង ១០លានផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះក្រុមចម្រៀង BTS ដ៏ល្បីល្បាញនេះ កំពុងតែមមាញឹកធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Love Yourself: Speak Yourself»។

កាលពីខែកញ្ញា ឆ្នាំ២០១៨ BTS បានឡើងថ្លែងសន្ទរកថាលើកដំបូងរបស់ខ្លួន ដើម្បីជំរុញទឹកចិត្តយុវជន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក និងធ្វើការអបអរសាទរដល់ក្រុម BTS ផងដែរ ដែលពួកគេសម្រេចបាននូវភាគជោគជ័យដ៏មហិមាបែបនេះ៕