(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំកម្មវិធីប្រឡងតម្លៃងខ្សែក្រវាត់ ដោយសិស្សគុនចំនួន ២៦នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភាម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ ពិធីនេះ បានឡើងក្រោមវត្តមានលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងលោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា កម្មវិធីប្រឡងតម្លើងខ្សែក្រវាត់នេះ រៀបចំឡើងក្នុងគោលបំណងវាយស្ទង់កម្រិតសមត្ថភាពរបស់សិស្សគុន ដែលបានធ្វើការហ្វឹកហាត់ជាច្រើនខែ និងផ្ដល់លិខិតបញ្ជាក់ដល់ពួកគេ ទៅតាមការបង្ហាញសមត្ថភាពរៀងៗខ្លួន។ លើសពីនេះ សហព័ន្ធក៏សម្លឹងមើលអ្នកមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិ ករណីមានការអញ្ជើញពីសហព័ន្ធអន្ដរជាតិផងដែរ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រឡង និងការវាយតម្លៃរបស់គ្រូជំនាញរបស់សហព័ន្ធ ក្នុងចំណោមសិស្សគុនទាំង ២៦នាក់ គឺមាន ៨នាក់ បានទទួលសិលិខបញ្ជាក់ ហើយ ៤នាក់ ទទួលបានវិញ្ញាបនប័ត្រ ។ ចំណែក ៦នាក់ទទួលបានខ្សែក្រវាត់ខ្មៅកម្រិត ១ដាន់ ហើយមាន ៥នាក់ត្រូវបានតម្លើងខ្សែក្រវាត់ ២នាក់ និងមាន ៣នាក់ត្រូវបានតម្លើងខ្សែក្រវាត់កម្រិត ៣ដាន់។ លោក គង់ ចាន់ធីណា រំពឹងថា ពួកគេនឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតខ្ពស់នាថ្ងៃអនាគត។

គួរបញ្ជាក់ថា ប្រភេទកីឡាមានប្រភពពីសាធារណរដ្ឋកូរ៉េនេះ មិនមែនជាប្រភេទកីឡាអូឡាំពិកនោះទេ។ បច្ចុប្បន្នសហព័ន្ធ កំពុងខ្នះខ្នែងស្វែងរកការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិ ហើយលោកសង្ឃឹមថា ស្ថាប័នជាអាណាព្យាបាលខាងលើ នឹងអនុញ្ញាតឲ្យសហព័ន្ធរៀបចំ ដើម្បីជំរុញប្រភេទកីឡាការពារខ្លួននេះឲ្យកាន់តែរីកចម្រើន ពិសេសគឺផ្ដល់ឱកាសម្រាប់កីឡាករ-កីឡាការិនី ក្នុងបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេតែម្ដង៕