(ប៊ែកឡាំង)៖ នាពេលថ្មីៗនេះ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ដែលស្ថិតក្នុងក្របខណ្ឌ Bundesliga និងជាក្រុមជើងឯកក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ បានទម្លាក់ទឹកប្រាក់ប្រមាណ ៨០លានអឺរ៉ូ ស្មើនឹង ៨៩លានដុល្លារ ដើម្បីទិញកីឡាករខ្សែបម្រើប្រយុទ្ធ Leroy Sane ពីក្លឹបមេឃខៀវ Manchester City របស់អង់គ្លេស។

តាមការចេញផ្សាយដោយ Bavarian Football Works បានឲ្យដឹងថា Bayern បានប្រកាសដាក់សំណើប្រមាណ ៨៩លានដុល្លារទៅលើកីឡាករសញ្ជាតិអាល្លឺម៉ង់ Sane ដែលកំពុងស្ថិតក្រោមការបង្វឹករបស់លោក Pep Guardiola ក្រោយមិនសូវជាប់ជម្រើស ១១នាក់នារដូវកាលនេះញឹកញាប់ ដើម្បីយកមកជំនួសកីឡាករចាស់វស្សា Arjen Robben និង Franck Ribery ដែលបានចាកចេញពីក្លឹប ក្រោយបញ្ចប់រដូវកាលនេះ។

គួរបញ្ជាក់ផងថា កីឡាករវ័យ ២៣ឆ្នាំ Leroy Sane ដែលត្រូវបាន Man City នាំមកពីក្លឹប Schalke កាលឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណ ៥០លាអឺរ៉ូ បានបង្ហាញខ្លួនលើទីលានបាន ១៣៣ប្រកួត និងរកបាន ៣៩គ្រាប់ហើយក្នុងរដូវកាលដែលក្លឹប Man City ឈ្នះពានរង្វាន់ Premier League 2018-2019 នេះ រូបគេរកបាន ១០គ្រាប់ ក្នុង ៣១ប្រកួតទៀតផង៕