(ភ្នំពេញ)៖ បើនិយាយពីពាក្យថា «ខ្មុកស្មាច់» ឬ «សិល្បៈ​ខ្មុក​ស្មាច់» ទស្សនិកជននិងយុវជនភាគច្រើន ហាក់មិនដឹងនោះទេថា តើគឺជាអ្វីមួយនោះ? ព្រោះបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលចាប់អារម្មណ៍ និងស្គាល់នូវជំនាញមួយនេះ។ ជាក់ស្តែង «សិល្បៈខ្មុកស្មាច់» គឺជាជំនាញដ៏ពិសេសម្យ៉ាង ក្នុងការដេរប៉ាក់​​សម្លៀកបំពាក់​នៃ​របាំ​បុរាណ និងគ្រឿងមួយចំនួនដូចជា​កងដៃ កងជើង មកុដ ខ្សែក្រវាត់ ខ្សែឆៀង និង​ក្បាច់​ដេរប៉ាក់​ដ៏ប្រណីត ​សម្រាប់​ទ្រង់​គ្រឿង​ប្រដាប់​ពាក់​ជាមួយ​នឹង​ឈុត​នៃ​សម្លៀកបំពាក់​របាំ​បុរាណ​ខ្មែរ និង​ល្ខោនបាសាក់​ ក៏​ដូចជា​ការដេរប៉ាក់​ស័ក្តិ​នៃ​សម្លៀកបំពាក់ ​សម្រាប់​មន្ត្រី​រាជការ​របស់​ខ្មែរ​យើងជាដើម។ ​ទន្ទឹមគ្នានេះ លោកស្រី គុម សុគន្ធា ត្រូវបានគេដឹងថាបានចាប់ជំនាញ «ខ្មុកស្មាច់» នេះ ជាង២ទសវត្សវ៍មកហើយ ដើម្បីបន្តថែរក្សាជំនាញពីឪពុក ហើយស្នាដៃរបស់លោកស្រី គឺល្បីល្បាញយ៉ាងខ្លាំងក្នុងសង្គមអ្នកអភិរក្សសិល្បៈបុរាណ និងរឹតតែពិសេសល្បីដល់ប្រទេសក្រៅផងដែរ។

ថ្មីៗនេះស្នាដៃរបស់លោកស្រី គុម សុគន្ធា ត្រូវបានមហាជនចាប់អារម្មណ៍ជាច្រើន ដោយមានការចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។ ជាមួយគ្នានេះ បើយោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា លោកស្រីបានប្រកបរបរ​ជា​ជាង​ខ្មុក​ស្មាច់​នេះ ​គឺ​បន្ត​តាំងពី​ជំនាន់​លោកឪពុក​លោកស្រីមកម្ល៉េះ​ ដោយឪពុកលោកស្រី​មាន​ឈ្មោះថា អន សុខ ដែល​​ជាអតីត​គ្រូបង្រៀន​ជំនាញ​សិល្បៈ​សូន​រូប ​ផ្នែក​ជំនាញ​ខ្មុកស្មាច់​នេះ ហើយ​លោក​ក៏​មាន​ជំនាញ​បន្ថែម​ខាង​ដេរប៉ាក់ ​សម្រាប់​សម្លៀកបំពាក់​នៃ​របាំ​បុរាណ និង​ល្ខោនបាសាក់​ក៏​ដូចជា​ការដេរប៉ាក់​ស័ក្តិ ​នៃ​សម្លៀកបំពាក់​សម្រាប់​មន្ត្រី​រាជការ​របស់​ខ្មែរ​យើង​ផង​ដែរ​។ ក្រោយពី​ឪពុកលោកស្រី​បាន​ចែកឋាន​ទៅ​ លោកស្រី គុម សុគន្ធា និង​គ្រួសារ​ក៏​បាន​បន្ត​ជំនាញ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​។ សម្រាប់​ការប្រកប​មុខរបរ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរ​ប៉ាក​នេះ​គឺ​យើង​បាន​ចាប់ផ្តើម​ប្រកប​តាំងពី ១៩៩០-៩១ មក​។

លោកស្រី គុម សុគន្ធា ជាស្ត្រី​ខ្មែរ​វ័យ​ជាង៥០ ​ឆ្នាំ​ រូបនេះ​បាន​បញ្ចប់​ការសិក្សា​ជំនាញ​សិល្បៈ​សូនរូប​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ព្រមទាំងបាន​ចាប់​ប្រកប​អាជីព​ជាជាង ​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​លំដាប់ជម្រើស​ស្នាដៃ​ប្រចាំ​ប្រទេសផងដែរ។ អ្នកស្រី គុម សុគន្ធា ​បាន​ចាប់​ដំណើរការ​ប្រកបរបរ​នេះ​ត​ពី​លោកឪពុក ដែល​មាន​ជំនាញ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរ​ប៉ាក់​នោះ​ បន្ទាប់ពីឪពុកលោកស្រី​បាន​ចែក​ឋាន​មក​ម្ល៉េះ​។ ចំពោះ​ស្នាដៃ​សិល្បៈ​ប្រភេទ​នេះ​ គឺ​សឹងតែ​ទាំងអស់​ចេញ​ពី​ការផលិត​ដោយ​គ្រួសារ​លោកស្រី គ្រាន់តែលោកស្រីមិន​ដែល​ធ្លាប់​បាន​ផ្សព្វផ្សាយ​ពី​មុន​មក ដោយគិតថា​ខ្លាចគេនិយាយថាចង់​ល្បី តែយ៉ាងណា​សព្វ​ថ្ងៃនេះ​ក៏​អ្នក​មាន​ស្គាល់​ពី​ស្នាដៃ​សិល្បៈ​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​របស់​គ្រួសារ​លោកស្រីយ៉ាងច្រើនផងដែរ ព្រមទាំងបាន​យក​ទៅ​ផ្សាយ​តាម​ហ្វេសប៊ុក​ក៏​ធ្វើឲ្យ​គេ​ស្គាល់​ច្រើន​តៗ​គ្នា​តែ​ម្តង​។

យ៉ាងណាមិញ ទោះបី​ជា​មិន​មាន​ការរអ៊ូ​ថា ការប្រកបរបរ​ជា​ជាង​ខ្មុក​ស្មាច់ និង​ដេរប៉ាក់​មាន​លក្ខណៈ​តជំនាន់​នៃ​គ្រួសារ​នេះ មាន​ផល​លំបាក​ដល់​ការចិញ្ចឹម​គ្រួសារ​មែន​ក្តី តែ​សម្រាប់​ជំនាន់​ក្រោយ​ដែល​ត្រូវ​ជា​កូនៗ​របស់​អ្នកស្រី​ ហាក់​ដូចជា​ពុំទាន់​មាន​អ្នកណា​ចាប់​អារម្មណ៍​លើ​ជំនាញ​នេះ​នៅ​ឡើយ​។ ចំពោះ​ការធ្វើ​គ្រឿង​សម្ភារ​ ខ្មុក​ស្មាច់​គ្រប់​សណ្ឋាន​ទាំងនោះ ​មិនមែន​ជា​កិច្ចការងារ​ដែល​មាន​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ​ ព្រោះសម្ភារៈមួយចំនួនត្រូវ​ប្រើ​ពេលវេលា​យូរ​រហូត​ដល់​រាប់​ខែ​ឯណោះទើបសម្រេចបាន ខណៈ​តម្លៃ​វិញ​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ និង​ទ្រង់ទ្រាយ​របស់​វា​ដែរ​ គឺ​មាន​តម្លៃ​ចន្លោះ​ពី​ទាប​បំផុត ២០០ ​ដុល្លារ​ទៅ​ដល់​ខ្ពស់​បំផុត​រាប់ពាន់​ដុល្លារ​។

គួរជម្រាបថា លោកស្រី គុម សុគន្ធា ត្រូវបានគេដឹងថា ក្រៅពីកិច្ចការក្នុងផ្លូវរដ្ឋ អ្នកស្រីព្រមទាំងសិស្សប៉ុន្មាននាក់ បានឆ្លៀតពេលវេលាដ៏មមាញឹក ប្រឹងបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀត សម្រាប់សម្ភារៈសិល្បៈបុរាណ។ ពិសេសជាងនេះ ស្នាដៃលោកស្រី ក៏មានការសព្វព្រះរាជហឬទ័យពីសម្តេចព្រះរាមបុប្ផាទេវីផងដែរ ដោយទ្រង់តែងតែកុម៉្មង់ សម្រាប់ក្រុមរបាំព្រះរាជទ្រ័ព្យរបស់ទ្រង់ជាប្រចាំ៕