(ភ្នំពេញ)៖ ការប្រកួតជើងទី២ រវាងក្រុម U17 វិសាខា និងក្រុម U17 ភ្នំពេញក្រោន នឹងធ្វើឡើងនាថ្ងៃទី២៥ ខែឧសភា ស្អែកនេះ នៅលើទីលាន KMH Park ក្នុងព្រឹត្តិការណ៍ពានរង្វាន់ KMH Cup 2019។

លោក វី លីកា គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៧ឆ្នាំនៃក្លឹបកីឡាបាល់ទាត់វិសាខា បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីប្រកួតស្មើក្រុម U-17 ភ្នំពេញក្រោន ១-១ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ KMH Cup U-18 ជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ការប្រកួតស្មើយុវជនភ្នំពេញក្រោនជើងទី១ អាចជាផលលំបាកមួយ សម្រាប់ក្រុមយើង នៅជើងទី២ ដែលត្រូវធ្វើជាក្រុមភ្ញៀវ។ ជាការពិត ជើងទី១ ពួកយើងនៅខ្វះខាតបន្ដិចបន្ដួច ជាក់ស្ដែងតង់ទី១ បន្ទាប់ពីយើងរកបាន ១គ្រាប់ យើងមានឱកាសមួយស្មើជាមួយអ្នកចាំទី តែការសម្រេចចិត្តខុស ធ្វើឲ្យយើងរបូតឱកាសដ៏ល្អ ។ ម្យ៉ាងការសហការតំបន់ប្រយុទ្ធយើង ក៏មិនទាន់ល្អដែរ។

អ្វីដែលសំខាន់ផងនោះ នៅជើងទី២ យើងត្រូវត្រៀមតាំងពីតំបន់ការពារ រហូតដល់ប្រយុទ្ធ ពិសេសការបញ្ចប់ទី ព្រោះបើយើងមិនអាចបញ្ចប់ទីពួកគេបានទេ យើងអាចនឹងរបូតឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ។ បន្ថែមលើនេះ ខ្ញុំស្នើឲ្យកីឡាករយើង ត្រូវចូលរួមថែរក្សាសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីធានាការប្រកួតប្រជែងជើងទី២ ទទួលបាននូវលទ្ធផលល្អផងដែរ៕