(ភ្នំពេញ)៖ មនុស្សគ្រប់រូបពេលបានជួបគូស្នេហ៍ ឬពេលបានជួបមនុស្សជាទីស្រឡាញ់ពេញបេះដូង រហូតដល់ថ្ងៃក្រាបផ្ទឹមក្បាលដល់កន្ទេល ចាស់ទុំដឹងឮទាំងសងខាងហើយនោះ តែងតែគិតថា ដៃគូជីវិតរបស់ខ្លួន គឺជា «គូព្រេង» ត្រូវរួមរស់ជាមួយគ្នាលុះថ្ងៃអវសាន្ត។ ងាកមកតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងជាពិធីការិនីមួយរូប គឺកញ្ញា ណូម័រ វិញ បន្ទាប់ពីមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយនឹងគូស្នេហ៍ គឺVj សុភា អស់រយៈពេលជាច្រើនឆ្នាំហើយនោះ ទីបំផុតអ្នកទាំងពីរសម្រេចដឹកដៃគ្នាចូលរោងការ ក្រាបផ្ទឹមក្បាលដល់កន្ទេល នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ។

ជាការតក់សម្គាល់ តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅណូម័រ ធ្លាប់បានប្រាប់នាឱកាសចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ហើយថា នាងនិង លោក វីជេ សុភា មានទំនាក់ទំនងនឹងគ្នា រហូតដល់ចាត់ចែងតាមផ្លូវច្បាប់ ព្រមចុះអេតាស៊ីវិល និងផ្ទះវិឡារួមគ្នាមុនថ្ងៃរៀបការទៀតផង។ តែយ៉ាងណា ដោយសារការស្រឡាញ់យល់ចិត្តគ្នាអស់រយៈពេល ៥ឆ្នាំ និងការតស៊ូលំបាកជាមួយគ្នា អ្នកទាំងពីរបានដើរដល់ផ្លូវមួយ គឺរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ មានការដឹងឮពីចាស់ទុំទាំងសងខាង ដែលធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវការសារទរចំពោះអ្នកទាំងពីរ។

ជាក់ស្តែង ថ្មីៗនេះមហាជនសង្កេតឃើញថា កញ្ញា ណូម័រ និងអនាគតស្វាមី បានដើរអញ្ជើញភ្ញៀវឲ្យចូលរួមថ្ងៃពិសេសរបស់នាង​ជិតរួចរាល់អស់ហើយ ខណៈពិធីនឹងធ្វើឡើងនៅទីតាំងមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយហៅភ្ញៀវចំនួន ៧០តុ ខណៈភាគច្រើនជាអ្នកសិល្បៈរួមអាជីព។

យ៉ាងណាមិញ ទោះបីជារៀបការហើយក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះធ្លាប់បានបញ្ជាក់ប្រាប់អ្នកកាសែតថា នៅតែបន្តការងារសិល្បៈដដែល ព្រោះវិស័យមួយនេះជា ការងារដែលនាងស្រឡាញ់ ហើយក៏ជាការងារដែលធ្វើឲ្យនាងជួបស្វាមីផងដែរ។