(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ គេហាក់សង្កេតឃើញ តារាចម្រៀងវ័យក្មេង សំឡេងលន្លង់លន្លោច ក្រអួនក្រអៅ កុមារា ធឿន បុរី ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលក្នុងមួយខែៗ កុមារារូបនេះ អាចរកចំណូលបានក្នុងមួយខែៗ រាប់ពាន់ដុល្លារ​ពីការច្រៀង នៅតាមខនសឺត និងកម្មវិធីនានា នេះក៏ដោយសារ ទឹកដមសំឡេងពីធម្មជាតិ និងភាពក្លាហាន ដែលសូម្បីតែ​កវីនិពន្ធល្បីឈ្មោះ​លោក យឹម តាស្រង់ ក៏សម្ដែងនៅក្ដីកោតសរសើរមិនដាច់ ពីមាត់​ពីសមត្ថភាព រហូតលើកឡើងថា ពិបាកនឹងរកអ្នកដែលមានសំឡេង មានទឹកដម​លន្លង់លន្លោច ដូចបុរីណាស់ នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែង អ្នកនិពន្ធវ័យក្មេង រូបនេះ បានឲ្យដឹងថា «ពីមួយពេលទៅមួយពេល ក្មួយ (ធឿន បុរី) កាន់តែចេះប្រើសំឡេងបានយ៉ាងល្អ ដែលអាចនិយាយថាកុមារ នៅកម្ពុជា ពិបាករកអ្នក​ដែលមានសំឡេង បែបលន្លង់លន្លោច ដូចក្មួយណាស់ ពូតែងញញឹម នៅពេលដែលឃើញជីវភាពគ្រួសារក្មួយ កាន់តែរីកចម្រើនដោយសារក្មួយ នាពេលនេះ ក្មួយអាចរកបានក្នុង១ខែៗរាប់ពាន់ដុល្លារ ពេលខ្លះ​ក្មួយមិនសូវហ៊ានទទួលខនសឺត និងកម្មវិធីនានា ដោយសារក្មួយនៅក្មេងជាប់រៀនសូត្រ​»

ជាមួយនឹងការកោតសរសើរ ពីទឹកដមសំឡេងពីលោក យឹម តាស្រង់ នៅពេលនេះ កុមារា ធឿន បុរី​​ ក៏បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទ នៅក្នុងផលិតកម្ម «Galaxy» ដែលមានចំណងជើងថា «រដូវភ្លៀងធ្លាក់» ដែលមានអ្នកចូលទស្សនា យ៉ាងច្រើនរាប់ម៉ឺនដងឯណោះ។

គួរបញ្ជាក់ថា តារាច្រៀងវ័យក្មេង កុមារា ធឿន បុរី ជាតារាចម្រៀងមួយរូប ដែលមានទស្សនិកជន គាំទ្រយ៉ាងច្រើន ព្រោះតែទឹកដមសំឡេង​ដ៏ស្រទន់ និងក្រអួនក្រអៅ បើទោះបីជា កុមារារូបនេះ តែងតែយកបទចម្រៀងមរតកដើម យកមកច្រៀង​ខូវើ សារឡើងវិញក៏ដោយ តែបទចម្រៀងមរតកដើម ដែលគេយកមកបកស្រាយ​ទាំងអស់នោះ សុទ្ធតែមានការគាំទ្រ និងមានអ្នកចូលទស្សនា យ៉ាងច្រើន​ស្ទើរមិនគួរឲ្យជឿ​៕