(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកំណត់ថ្ងៃលក់សំបុត្រ ដើម្បីចូលរួមទស្សនាការប្រកួតជើងទី១ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC) ហើយ ដោយគ្រោងលក់នាថ្ងៃទី៣១ ខែឧសភាខាងមុខ ដោយរក្សាតម្លៃ ១០,០០០រៀល សម្រាប់កៅអីមានដំបូល និង ៥,០០០រៀល សម្រាប់កៅអីធម្មតាដដែល។

គួរបញ្ជាក់ថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី១ នាថ្ងៃទី០៦ ខែមិថុនាខាងមុខ គ្រាដែលការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី១១ ខែមិថុនាដដែល តែប្រកួតលើទឹកដីកណ្ដាលនាកីឡដ្ឋាន Khalifa Stadium ប្រទេសកាតា ព្រោះប្រទេសប៉ាគីស្ថាន មិនសូវមានស្ថេរភាពនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យធ្វើម្ចាស់ផ្ទះឡើយ។

ដោយឡែកក្រុមជម្រើសជាតិកម្ពុជាមកទល់ពេលនេះ នៅមិនទាន់ធ្វើការប្រមូលផ្ដុំនោះទេ ស្របពេលប្រភពស្និទ្ធស្នាលក្រុមជម្រើសជាតិបានបង្ហើបថា ពួកគេអាចនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ មុនការប្រកួតមកដល់ ពោលគឺគ្រោងប្រមូលផ្ដុំនាថ្ងៃទី០៣ ខែមិថុនា ក្រោយលីគកំពូលកម្ពុជា បញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១០ រួច។ ចំពោះការប្រកួតជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕