(ភ្នំពេញ)៖ កីឡាករ យ៉ើ សាហ្វី បានបង្ហាញសារមួយដើម្បីជំរុញទឹកចិត្តមិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយប្រកួតចាញ់ក្រុមសូលទីឡូអង្គរ នៅខេត្តសៀមរាបជាមួយនឹងលទ្ធផល ១-០។

ខ្សែការពារកណ្តាលរូបនេះនៅតែមានក្តីរំពឹងបន្តទៀតសម្រាប់ការប្រកួតទល់នឹងក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា និងសង្ឃឹមថា នឹងយក ៣ពិន្ទុសម្រាប់ការប្រកួតក្នុងដីនេះផងដែរ។

គួរដឹងដែរថា តាមរយៈការសម្ភាសន៍កីឡាកររូបនេះបាននិយាយថា «ពួកយើងមានការរៀបចំបន្ថែមទៀតផ្អែកទៅលើទម្រង់លេងលើទីលាន និងកែប្រែចំណុចខ្វះខាតពីការប្រកួតកន្លងមក ដើម្បីធ្វើឲ្យបានល្អចំពោះការប្រកួតនេះ។ ការលេងនៅក្នុងដីរបស់យើងវាមានភាពងាយស្រួលជាង ព្រោះអ្វីៗវាអាចទៅតាមគម្រោងដែលពួកយើងចង់បាន ហើយពួកយើងក៏មានភាពយល់ពីស្ថានភាពទីលានច្បាស់លាស់ដែរ»

គួរបញ្ជាក់ផងថា ពាក់ព័ន្ធទៅនឹងចំណុចខ្វះខាតនោះ កីឡាកររូបនេះបានលើកឡើងថា ការបញ្ចប់ទីរបស់ពួកគេនៅតែមានកម្រិតនៅឡើយ ហើយជាក់ស្តែងការប្រកួតកន្លងមក ដ្បិតមានឱកាសច្រើន ប៉ុន្តែខ្វះសំណាង ដូច្នេះពួកយើងត្រូវតែខិតខំបន្ថែមទៀតទាំងការលេងរបស់កីឡាករម្នាក់ៗ ការយល់ចិត្តគ្នា ក៏ដូចជាស្មារតីជាក្រុម និងការលើកទឹកចិត្តគ្នាទៅវិញទៅមក៕