(ភ្នំពេញ)៖ ក្រុមវិសាខា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៩ នាល្ងាចថ្ងៃទី២៥ ខែឧសភាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានស្ដាតចាស់។ ជាមួយការប្រកួតដ៏ធំប្រចាំសប្ដាហ៍នេះ លោក ហុក សុជីវ័ន គ្រូបង្វឹកវិសាខា បានចាត់ទុកជាការប្រកួតដ៏សំខាន់ ហើយត្រូវប្រឹងប្រែង និងប្រុងប្រយ័ត្នទ្វេដង ទោះបីក្រសួងការពារជាតិ ទើបចាញ់គិរីវង់សុខសែនជ័យ ៤-១ កាលពីសប្ដាហ៍មុនក៏ដោយ។

លោក ហុក សុជីវ័ន បានលើកឡើងថា «យើងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតនីមួយៗ មិនថាប្រកួតកន្លងមក ក៏ដូចជាការប្រកួតសប្តាហ៍នេះ ជាមួយក្រសួងការពារជាតិនោះទេ។ ការពារជាតិជាក្រុមមួយដែលខ្លាំងទាំងព្រម ទោះបីការប្រកួតកន្លងមក គាត់មានការភ្លាត់ស្នៀតមែន តែការប្រកួតធំៗ ការពារជាតិបង្ហាញការលេងមួយយ៉ាងល្អ យើងត្រូវមានការប្រយ័ត្នគ្រប់ការប្រកួត យើងត្រូវប្រឹងប្រែងទ្វេដង និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ការការពារជាក្រុម»

បន្ថែមលើការអះអាងខាងលើ គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះ ក៏បានក្រើនរំឭកកូនក្រុមខ្លួនឲ្យប្រុងប្រយ័ត្ន ចំពោះក្រុមក្រសួងការពារជាតិផងដែរ ព្រោះពួកគេទើបរងបរាជ័យ ដែលជំរុញឲ្យក្រសួងការពារជាតិ មានការត្រៀមខ្លួនកាន់តែល្អ ក្នុងការប្រកួតចុងសប្ដាហ៍នេះ។ លោកថា «ខ្ញុំជឿថាការចាញ់របស់ការពារជាតិកាលពីសប្តាហ៍មុន ធ្វើឲ្យយើងរឹតតែមានការប្រុងប្រយ័ត្នកាន់តែខ្លាំង យើងមិនអាចធ្វេសប្រហែសបានឡើយ»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមទាំងពីរបានបញ្ចប់ការប្រកួតជាមួយលទ្ធផលផ្ទុយគ្នា ក្នុងនោះ វិសាខា បានយកឈ្នះក្រុមយុវជន​សាលាបាល់ទាត់ជាតិបាទី ៥-១ ខណៈក្រសួងការពារជាតិ បានចាញ់គិរីវង់សុខសែនជ័យ ៤-១។ បើក្រឡេកទៅមើលប្រវត្តិធ្លាប់ជួបគ្នា ២លើក កាលពីរដូវកាលមុន ជើងទី១ វិសាខា បានយកឈ្នះក្រសួងការពារជាតិ ២-០ មុនប្រកួតស្មើគ្នា ២-២ នៅជើងទី២។ ដូច្នេះចាំមើលថ្ងៃសៅរ៍នេះ តើវិសាខា ឬក្រសួងការពារជាតិ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ៕