(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅនឺងក្លឹប Chelsea លោក Maurizio Sarri នឹងជួបពិភាក្សាជាមួយម្ចាស់តោខៀវជុំវិញ អនាគតរបស់គាត់នៅទឹកដីអង់គ្លេស ក្រោយបញ្ចប់យុទ្ធនាការដណ្តើមពានរង្វាន់ UEFA Europa League ទល់នឹង Arsenal នាចុងខែឧសភានេះ។

បុរសជនជាតិអ៊ីតាលីខាងលើនេះបានថ្លែងប្រាប់ BBC ថា នៅពេលនេះរូបលោកផ្តោតតែលើវគ្គផ្តាច់ព្រ័ត្រ Europa League តែប៉ុណ្ណោះ រឿងផ្សេងចាំនិយាយនាពេលក្រោយ ជាពិសេសបញ្ហាតួនាទីនៅ Chelsea តែម្តង។

លោក Sarri បានលើកឡើងថា «អនាគតរបស់គាត់នៅ Chelsea មិនគួរផ្តោតតែទៅលើលទ្ធផល Europa League នោះពេកទេ វាហាក់បីដូចជារងសម្ពាធខ្លាំងណាស់ តែកើតឡើងមែននោះ ខ្ញុំនឹងចាកចេញភ្លាម។ កន្លងមកខ្ញុំពិតជារីក រាយក្នុងការដឹកនាំក្រុមលេងនៅ Premier League»

គ្រូបង្វឹកវ័យ ៦០ឆ្នាំ Maurizio Sarri បានដឹកនាំក្រុម Chelsea បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ក្នុងលីគកំពូល អង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ និងទទួលបានកៅអីមួយ ដើម្បីលេងនៅ UEFA Champions League រដូវកាលក្រោយ និងដឹកនាំតោខៀវមួយនេះឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ដែលត្រូវប៉ះ Arsenal នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់ គិតចាប់ តាំងពីបានដឹកនាំ Chelsea ក្នុងខែសីហា ឆ្នាំ២០១៨ ជំនួសកៅអីលោក Antonio Conte ដែលត្រូវបានបណ្តេញចេញ៕