(ក្រុងដូហា)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានសម្រេចលុបចោលគម្រោងក្នុងការបន្ថែមឲ្យបាន ៤៨ក្រុម (ប្រទេស) ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ដែលមានប្រទេសកាតាធ្វើជាម្ចាស់ផ្ទះនោះ។

លោក Gianni Infantino ប្រធាន FIFA ធ្លាប់បានថ្លែងឲ្យដឹងកាលពីឆ្នាំទៅផងដែរថា ការបន្ថែមក្រុមពី ៣២ ឲ្យបានដល់ ៤៨ក្រុមសម្រាប់ World Cup 2022 វាពិតជាលំបាក ដោយសារនៅសល់រយៈពេលខ្លី ជាពិសេសខាងប្រទេសដែលធ្វើ ម្ចាស់ផ្ទះតែម្តង ដែលតាមគម្រោងយើងនឹងចាប់ផ្តើមលេង ៤៨ក្រុមចាប់ពីឆ្នាំ២០២៦ តទៅនោះទេ។

មួយវិញទៀត ការបង្កើនក្រុមនោះដែរ វាទាមទារឲ្យប្រទេសម្ចាស់ផ្ទះចែករំលែកក្នុងការធ្វើម្ចាស់ផ្ទះជាមួយនឹងនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ក្នុងគោលបំណងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អថែមទៀត។

ដូចគ្នានោះដែរ លោក Aleksander Ceferin ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ក៏បានលើកឡើងដែរថា ការបន្ថែម ១៦ក្រុមទៅ World Cup 2022 នៅកាតា វាអាចបង្កជាបញ្ហាច្រើនឡើងទាំងពេល វេលា កន្លែងស្នាក់នៅ និងកម្មវិធីប្រកួតជាដើម។

យ៉ាងណាក៏ដោយ គម្រោងដែលមាន ៤៨ប្រទេសសម្រាប់លេងនៅ World Cup នឹងចាប់ផ្តើមជាផ្លូវការក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 តទៅដែលមាន ៣ប្រទេសធ្វើជាសហម្ចាស់ផ្ទះរួមគ្នានៅតំបន់អាមេរិកខាងជើង រួមមាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដូចដែលបុរសជនជាតិស្វីស Gianni Infantino ធ្លាប់បានសន្យាកាលពីមុនជាប់ ឆ្នោតធ្វើប្រធានសហព័ន្ធដ៏កំពូលនេះ៕