(បរទេស)៖ Robert Downey Jr. ត្រូវបានគេបញ្ជាក់ថា លោកទទួលបានតម្លៃខ្លួន ចំនួន ២៧៥ លានដុល្លារសហរដ្ឋអាមេរិក ពីការសម្ដែងជាតួ Iron Man នៅក្នុងខ្សែស្រឡាយភាពយន្ត «Avengers« ទាំង ៤វគ្គ របស់ផលិតកម្ម Marvel Studios ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ក្នុងនាមជាតារាទទួលបានថវិកាដ៏ច្រើនបំផុត ពីខ្សែភាពយន្តដ៏ល្បីនេះ។ នេះបើតាមការចេញផ្សាយដោយ news.zing.vn នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

កាលពីឆ្នាំ ២០០៨ Robert Downey Jr. បានលេចមុខនៅក្នុងតួអង្គ Tony Stark / Iron Man ទទួលបានតម្លៃខ្លួន ៥០០ ០០០ (៥០ម៉ឺន) ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែនៅពេលខ្សែភាពយន្តមួយនេះ ទទួលបានជោគជ័យ តារាវ័យ ៥៤ ឆ្នាំរូបនេះ ក៏ឡើងតម្លៃខ្លួន រហូតដល់ ៥០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងវគ្គទី៣ «Iron Man 3»។

លោក Robert Downey Jr. នៅតែទទួលបានតម្លៃខ្លួនចំនួន ៥០ លានដុល្លារអាមេរិកដដែល កាលពីឆ្នាំ ២០១២ នៅក្នុងការសម្ដែងរឿង «The Avengers» ហើយលោកក៏ទទួលបានតម្លៃខ្លួន ៥០ លានដុល្លារដូចគ្នា ពេលសម្ដែងរឿង «In Avengers: Age of Ultron»។

ទោះជាយ៉ាងណាក្ដី តម្លៃខ្លួន Robert នៅតែបន្តមានការកើនឡើងជាលំដាប់។ នៅក្នុងរឿង «Avengers: Infinity War» តម្លៃខ្លួន Robert Downey Jr. បានកើនឡើងចំនួន ៧៥ លានដុល្លារអាមេរិក ខណៈដែលរឿង «Avengers: Endgame» ដែលជាខ្សែភាពយន្តរកចំណូលបានច្រើននោះ ត្រូវបានគេជឿថា តារារូបនេះក៏មានតម្លៃខ្លួន ខ្ពស់ជាងនេះបន្ថែមទៀត។

«Avengers:Endgame» ត្រូវបានគេប៉ានស្មានថា Robert ទទួលបានតម្លៃខ្លួនប្រហែលជិត ១០០ លានដុល្លារ នោះសរុបខ្សែស្រឡាយ Avengers ទាំង៤រឿង Robert រកបាន ២៧៥ លានដុល្លារសហរដ្ឋអាមេរិក៕