(ក្រុងម៉ូនិច)៖ កីឡាករ Kingsley Coman ខ្សែបម្រើរបស់ក្លឹប Bayern Munich បានក្លាយជាកីឡាករវ័យក្មេង ដែលបានលើកពានរង្វាន់លំដាប់លីគកំពូលអឺរ៉ុប ៧ដង នៅ ៣ប្រទេសផ្សេងគ្នាមាន អ៊ីតាលី, អាល្លឺម៉ង់ និងបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Givemesport នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

កីឡាករខ្សែបម្រើសញ្ជាតិបារាំង Coman បានក្លាយជាកីឡាករវ័យក្មេងនាពេលបច្ចុប្បន្នដែលបានលើពានរង្វាន់នៃក្របខណ្ឌ Bundesliga លីគកំពូលអាល្លឺម៉ង់ ៤ដង ក្រោយផ្ទេរមកពីក្លឹប Juventus កាលឆ្នាំ២០១៧ ក្នុងតម្លៃប្រមាណ ២៣លានដុល្លារ ឈ្នះពាន Ligue 1 នៃលីគកំពូលបារាំង ជាមួយក្លឹប PSG ២ដង និងពាន Serie A ១ដង ជាមួយក្លឹបសេះបង្កង់ Juventus។

គួរបញ្ជាក់ផងថា Kingsley Coman ដែលមានដើមកំណើតជាយុវជននៃក្លឹប PSG របស់បារាំង បានចំណាយពេលលេងតែ ៣ក្លឹបប៉ុណ្ណោះក្នុងការឈ្នះពានរង្វាន់ទាំងនេះ គ្រាដែលបច្ចុប្បន្នកំពុងលេងឲ្យ Bayern Munich ចាប់តាំងពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន ៦២ប្រកួត រកបាន ១៦គ្រាប់ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ នេះ ដោយរកបាន ៦គ្រាប់ផងដែរ៕