(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុនៃលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៨ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្រុមគិរីវង់សុខសែនជ័យ រកបាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ ៤-១ ក្នុងកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ថ្ងែអាទិត្យ ទី១៩ ខែឧសភាម្សិលមិញនេះ។

សម្រាប់ការប្រកួតរវាងក្រុមទាំងពីរ ចូលដល់តង់ទី១ គិរីវង់បាននាំមុខ ១គ្រាប់ដោយកីឡាករ Da Silva នៅនាទី៣២ មុនពេលថែម ៣គ្រាប់ទៀតក្នុងវគ្គទី២ និងការវាយ​បកបានតែ ១គ្រាប់វិញពីសំណាក់ក្រុមក្រសួងការពារជាតិ ដែលជា ការរកបានជ័យជម្នះមកវិញ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើង​របស់ក្រុមសូលទីឡូអង្គរកាលពីសប្តាហ៍មុន។

រីឯការពារជាតិវិញ កាលពីសប្តាហ៍ទី៧កន្លងទៅ បានយកឈ្នះក្រុមយុវជនបាទី U18 ក្នុងលទ្ធផល ៤-៣ នៃកីឡដ្ឋានស្តាតចាស់នាសៅរ៍ ទី១១ ខែឧសភា។ ការពារជាតិឆ្លងកាត់៨ប្រកួតដូចគ្នា ឈ្នះ៤ដង ស្មើ២ដង និងចាញ់២ដង៕