(ហូជីមីញ)៖ អ្នកគាំទ្រកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពជាខ្លាំង ក្រោយលេចមុខជើងខ្លាំងប្រដាល់សាកលខ្មែរ-អាមេរិក អេរីក ប៉ែន ភារុន (Eric Pen Pieroun) លើសង្វៀនប្រដាល់របស់ស្ថាប័ន WBA Asia South ហើយបានផ្ដួលកីឡាករឥណ្ឌូនេស៊ី Satria Antasena ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់ WBA Asia កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមរំឮកថា ការប្រកួតនេះ ត្រូវបានកំណត់ប្រកួត ១០ទឹក ដើម្បីកំណត់ឈ្នះ-ចាញ់ តែ អេរីក ប៉ែន បានប្រើពេលត្រឹមតែ ២នាទី និង ៥០វិនាទីប៉ុណ្ណោះ ដើម្បីយកឈ្នះ Satria Antasena និងគ្រប់គ្រងខ្សែក្រវាត់ WBA Asia។ នេះគឺជាខ្សែក្រវាត់ដំបូងរបស់កីឡាករ កើតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក គ្រាដែល រូបគេទើបបានឡើងសង្វៀនប្រកួតលក្ខណៈជំនាញបាន ៣លើកប៉ុណ្ណោះ តែសុទ្ធតែបានផ្ដួលដៃគូឲ្យសន្លប់ទាំងអស់។

គួរដឹងដែរថា អេរីក ប៉ែន គឺមានឪពុកម្តាយជាអ្នកខេត្តកំពត តែក្រោយចាប់កំណើត និងធំដឹងក្ដី លើទឹកដីមហាអំណាចអាមេរិក រូបគេបានចាប់ផ្តើមហាត់ប្រដាល់ដំបូងក្នុងឆ្នាំ២០១៤ នៅក្នុងក្លឹប Saigon Sports Club ដែលជាការហាត់កម្សាន្ត និងសុខភាពប៉ុណ្ណោះ។ ប៉ុន្ដែក្រោយមើលឃើញពីទេពកោសល្យដ៏ល្អរបស់គេ គ្រូបង្វឹកក្លឹប បានព្យាយាមបង្ហាត់គេរហូតក្លាយជាកីឡាករអាជីពក្នុងខែសីហា ឆ្នាំ២០១៨ ហើយបានឡើងប្រកួត ៣ដងប៉ុណ្ណោះរហូតមកទល់ពេលនេះ។

សូមទស្សនាវីដេអូដ៏ជក់ចិត្ត និងទេពកោសល្យដ៏អស្ចារ្យរបស់ អេរីក ប៉ែន ក្នុងការផ្ដួលកីឡាករឥណ្ឌូនេស៊ី Satria Antasena ដើម្បីឈ្នះខ្សែក្រវាត់ WBA Asia ដូចខាងក្រោម៖