(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Gareth Bale គ្មានឱកាសលាអ្នកគាំទ្រ ដោយសារគ្រូបង្វឹក Zinedine Zidane មិនបានដាក់ឲ្យចូលលេងសម្រាប់ ១ប្រកួតចុងក្រោយនៅ La Liga នាយប់មិញនេះ ខណៈដែលក្រុមម្ចាស់ផ្ទះ Real Madrid បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Real Betis ២-០។

កីឡាករអន្តរជាតិវ៉េល ដែលរកគ្រាប់ស៊ុតបញ្ចូលទីបាន ១៤គ្រាប់ក្នុងចំណោម ៤២ប្រកួតនារដូវកាលនេះ បានបង្ខំចិត្ត អង្គុយនៅកៅអីបម្រុងរយៈពេល ៩០នាទីពេញ និងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ដោយគ្មានពិធីលាគ្នាអ្វី សោះ បន្ទាប់ពីក្រុមអធិរាជសមួយនេះ​បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ដោយមាន ៦៨ពិន្ទុដោយពុំមានឈ្នះ ពានណាមួយឡើយ។

កីឡាករវ័យ ២៩ឆ្នាំ Gareth Bale បានចូលរួមជាមួយ Real Madrid កាលឆ្នាំ២០១៣ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា នៃក្លឹប ៨៥លានផោន បានស្ថិតក្នុងបញ្ជីលក់ចេញរបស់គ្រូបង្វឹកសញ្ជាតិបារាំង Zidane រួមជាមួយអ្នកចាំទី Keylor Navas ផងដែរ បន្ទាប់ពី Real Madrid បានចាញ់ ១២ប្រកួតនារដូវកាលឆ្នាំ២០១៨-២០១៩ ក្នុងលីគរបស់ប្រទេស អេស្ប៉ាញ ជារដូវកាលដ៏អាក្រក់លើកដំបូងផងដែរគិតចាប់តាំងពីឆ្នាំ២៩៩៨-១៩៩៩ មក៕