(ភ្នំពេញ)៖ តារាសម្តែងស្រីប្រឡូកក្នុងវិស័យសិល្បៈជិត២០ឆ្នាំ អ្នកនាង មាស សម្ផស្ស ត្រូវបានមហាជនដឹងថា នៅតែមានប្រជាប្រិយភាព និងមានទស្សនិកជនគាំទ្រច្រើន តាមរយៈស្នាដៃសម្តែងភាពយន្តភាគខ្មែរជាច្រើន ដែលបញ្ចាំងតាមកញ្ចក់ទូរទស្សន៍នានា ក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថ្មីៗនេះ អ្នកនាងបានបើកកកាយនូវរឿងរ៉ាវស្នេហា ផ្ទាល់ខ្លួនជាច្រើន ទោះបីជារឿងទាំងនោះ បានកើតឡើងជាង១០ឆ្នាំទៅហើយក្តី ដើម្បីផ្តល់បទពិសោធន៍ ដល់អ្នកជំនាន់ក្រោយ កុំឲ្យចាញ់បោកបុរសៗដូចជារូបនាង។

ទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួន ដែល មាស សម្ផស្ស ត្រូវបានមហាជនថា នាងបានយកប្តីគេ កាលពីប៉ុន្មានឆ្នាំមុននោះ នាងបានបកស្រាយថា កាលពីប៉ុន្មានឆ្នាំមុន អំឡុងពេលឡើង ទៅសម្តែងនៅអូស្ត្រាលី មានបុរសអនិកជនម្នាក់ (សុំមិនបញ្ចេញឈ្មោះ) តាមស្រឡាញ់នាង ដោយប្រាប់នាងថា គឺជាបុរសពោះម៉ាយ និងអញ្ជើញញ៉ាំបាយជាដើម... ប៉ុន្តែការសុំស្នេហ៍នោះត្រូវបាននាងផ្ទាល់បដិសេធ។ តែយ៉ាងណា ស្រាប់តែបុរសម្នាក់នោះបានប្រាប់នាងថា ជិតដល់ថ្ងៃរៀបការហើយ សល់តែមួយសប្តាហ៍ទៀតទេ ខណៈដំណឹងនេះបានធ្វើឲ្យ មាស សម្ផស្ស ផ្ទាល់និងគ្រួសារមានការស្រឡាំងកាំងជាខ្លាំង ព្រោះវាហាក់បីដូចជាលឿនពេក និងមិនបានពិភាក្សាជាមួយនាងទាល់តែសោះ ដោយហេតុតែ ថា បុរសនោះចង់រៀបការជាមួយនាងពេក។ និយាយដល់ចំណុចនេះ នាងថា ដើម្បីឲ្យប្រាកដថាបុរសម្នាក់នោះស្រឡាញ់នាងមែន មានតែឲ្យបញ្ជាក់ពីភាពលីវ ប៉ុន្តែបែរជាបុរសនោះមិនមានលិខិតបញ្ជាក់ទៅវិញ ដែលរឹងតែធ្វើឲ្យនាង និងក្រុមគ្រួសារបារម្ភ និងសង្ស័យថា បោកប្រាស់ជាដើម។

អ្នកនាង មាស សម្ផស្ស បានបន្តថា ក្រោយមកក៏មានគំនិតថា ចុះទស្សនាវដ្តីជាមួយបុរសម្នាក់នោះឡើងដំបូង ដោយមានខ្លឹមសារ ចូលរោងការយ៉ាងលឿន មិនបានត្រៀមទុកជាមុន។ ចុះកាសែតមិនបានមួយចំអិនកំពឹសផង ស្រាប់តែភរិយារបស់បុរសម្នាក់នោះ ទូរស័ព្ទមកនាងពីក្រៅប្រទេសភ្លាម និងបានចុះមកប្រទេសខ្មែរយ៉ាងឆាប់រហ័ស ដើម្បីនិយាយជាមួយនាង ពីបញ្ហានេះ។ នាងថា ពេលប្រាប់ភរិយារបស់បុរសម្នាក់នោះ ធ្វើដំណើរមកដល់ហើយ ក៏ស្រុះស្រួលគ្នា ដល់ថ្នាក់អនុញ្ញាតឲ្យនាងធ្វើជាភរិយាទី២ របស់បុរសម្នាក់នោះទៀតផង តែនាងមិនព្រម ព្រោះមិនចង់មានឈ្មោះ ក្នុងនាមជាប្រពន្ធទីពីរ។

ការបើកកកាយនូវប្រវត្តិស្នេហារបស់ខ្លួន តាំងពីជាង ១០ឆ្នាំមុន ទៅដល់ទស្សនិកជន តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ត្រូវបាន មាស សម្ផស្ស បញ្ជាក់ថា មិនមែនចង់រំឭកអ្វីនោះទេ តែនេះប្រៀបបាននឹងមេរៀនមួយ សម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសមិត្តនារីតែម្តង ឲ្យមានការប្រយ័ត្នប្រយែង ក្រែងចាញ់បោសបុរសៗ អ្វីដែលពិសស គឺកុំឲ្យចេះតែជឿការលួងលោមពីបុរសៗ។

ចង់ដឹងកាន់តែច្បាស់ពីការបកស្រាយរបស់ មាស សម្ផស្ស សូមទស្សនាវីដេអូខាងក្រោម៖