(ភ្នំពេញ)៖ តារាសម្តែងស្រីចាស់​វស្សា អ្នកនាង មាស សម្ភស្ស ដែលតែងតែបង្ហាញវត្តមានក្នុងភាពយន្តភាគខ្មែរ តាមកញ្ចក់ទូរទស្សន៍ជារឿយៗនោះ នឹងចូលរួមជាតារាកត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញដល់ទស្សនិកជន​ឱ្យជ្រាប់កាន់តែច្បាស់ ពីជីវិតសិល្បៈ, ទាំងការតស៊ូ, ពុះពារ និងឧបសគ្គនានារបស់នាង។ អ្វីដែលពិសេស ក្នុងឱកាសនេះ មាស សម្ភស្សនឹងបង្ហាញពីបទពិសោធន៍សិល្បៈដែលខ្លួនបានប្រឡូកជាង ១៨ឆ្នាំ ដល់សិល្បករិនីជំនាន់ក្រោយ ថាតើជីវិតសិល្បៈ ក្នុងនាមជាមនុស្សស្រីត្រូវទទួលរងអ្វីខ្លះ និងមានវិធីសាស្ត្រអ្វីខ្លះក្នុងការដោះស្រាយ និងទប់ទល់បញ្ហាប្រឈម។

ជាការកត់សម្គាល់ តារាសម្ដែងស្រីញញឹមស្រស់ អ្នកនាង មាស សម្ផស្ស ត្រូវបានគេដឹងថា គឺជាតារាស្រីមួយដួង មានភាពលេចធ្លោរខ្លាំង ក្នុងការសម្ដែងរឿងភាគបុរាណខ្មែរ និងរឿងសម័យ។ ដោយសារតែសម្រស់មានអំណោយផលល្អ លាយឡំជាមួយនឹងសមត្ថភាពនោះ ធ្វើឲ្យតារាស្រីមុខមានមុនស្នេហ៍រូបនេះ មានទីផ្សារសិល្បៈមិនចេះដាច់ ខណៈផលិតករជាច្រើន បានទាក់ទងនាងឲ្យសម្ដែងរឿងភាគផ្សេងផងដែរ។

យ៉ាងណាមិញ ដើម្បីជាការបង្ហាញផ្លូវក៏ដូចជាផ្តល់បទពិសោធន៍ដល់សិល្បការិនីជំនាន់ក្រោយ ដែលទើបប្រឡូកក្នុងវិស័យសិល្បៈ ពីវិធីសាស្ត្រនានាក្នុងការងារសិល្បៈ ជាពិសេសចំពោះរឿងរ៉ាវស្នេហា ការទប់ទល់នឹងបុរសមិនល្អ និងបញ្ហាផ្សេងៗទៀត នាងនឹងមកបង្ហាញ តាមរយៈចូលរួមចូលរួមជាតារាកិតិ្តយស «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕