(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាន់តែបង្កក្ដីបារម្ភដល់គូប្រជែង ក្រោយយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន ៥-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ ដើម្បីរក្សាកៅអីកំពូលតារាងនៃលីគកំពូលកម្ពុជា (MCL) សប្ដាហ៍ទី៤ ឆ្នាំ២០១៩។

ជាមួយនឹងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះបាននាំមុខភ្នំពេញក្រោន ២-១ តង់ទី១ ដែលធ្វើបានសម្រេចដោយកីឡាករ សុក សំណាង និង ប្រាក់ មុន្នីឧត្តម។ តែតង់ទី២ ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងកាន់តែល្អ ដោយកាត់ផ្ដាច់ចង្វាក់ប្រយុទ្ធរបស់ក្រុមភ្ញៀវស្ទើរគ្មានឱកាស ហើយពួកគេបានបន្ថែមសម្ពាធរហូតរកបាន ៣គ្រាប់ទៀត ដោយកីឡាករ ប្រាក់ មុន្នីឧត្តម ១គ្រាប់ និងកីឡាករ Privat ២គ្រាប់ទៀតផង។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង រក្សាបាននូវកំណត់ត្រាឈ្នះ ៤ប្រកួតផ្ទួនៗ ដើម្បីឈរកំពូលតារាង ដោយមាន ១២ពិន្ទុពេញ ហើយក៏ជាលទ្ធផលមួយដ៏ល្អ បើធៀបនឹងរដូវកាលមុន ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor ដូចគ្នា។ ចំណែក​អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន អាចចាត់ទុកជាការបើករដូវកាលដ៏អាក្រក់ ដែល ៤ប្រកួត ឈ្នះ១ និងចាញ់៣ បែបនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា៕