(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal និងតោខៀវ Chelsea សុទ្ធតែបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីទម្លាក់គូប្រជែងដូចៗគ្នាក្នុងជើងទី២ នាយប់មិញនេះ។

ក្រុមរបស់លោក Unai Emery បានរក្សា Clean Sheet ទាំងពីរជើងក្នុងវគ្គ ៨ក្រុមចុងក្រោយតាមរយៈបន្តយកឈ្នះ Napoli របស់អ៊ីតាលី ១-០ យប់មិញទៀត បន្ទាប់ពីបិទជាប់ និងយកឈ្នះ ២-០ កាលពីជើងទី១ នៅកីឡដ្ឋាន Emirates ស្ថិតក្នុងទីក្រុង London កាលពីដើម ដើម្បីឡើងទៅជួបក្រុមអេស្ប៉ាញ Valencia ដែលយកឈ្នះ Villarreal ២-០ នោះ។

ដូចគ្នានោះដែរ ក្រុមរបស់អង់គ្លេសមួយទៀត តោខៀវ Chelsea បានយកឈ្នះក្រុមមកពីសាធារណរដ្ឋឆេក Slavia Prague ក្នុងលទ្ធផល ៤-៣ ក្នុងជើងទី២ បន្ថែមលើជ័យជម្នះ ១-០ កាលពីជើងទី១ នៅទឹកដីរបស់ Prague ដើម្បីឡើងទៅប៉ះក្រុមអាល្លឺម៉ង់ Eintracht Frankfurt ដែលបានវាយបកឈ្នះក្រុមភ្ញៀវ Benfica របស់ព័រទុយហ្គាល់ ២-០ នារាត្រីថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីជើងទី១ បានចាញ់ ៤-២ នៅទឹកដីនៃប្រទេសព័រទុយហ្គាល់ នោះ។

គួរបញ្ជាក់ផងថា នៅពេលនេះមានក្រុមអង់គ្លេសដល់ទៅ ៤ក្រុមបានឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន លីគអឹរ៉ុបនារដូវកាលឆ្នាំ២០១៨-២០១៩នេះ ដោយមាន២ក្រុម Tottenham Hotspur និង Liverpool លេងក្នុងពានរង្វាន់ UEFA Champions League ខណៈ Arsenal និង Chelsea លេងនៅ UEFA Europa League ដែលនឹងចាប់ផ្តើមប្រកួតជើងទី១ នារាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕