(ភ្នំពេញ)៖ អ្នកចាំទីក្លឹបព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណារ៉ាត់ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជម្នះ ៣ប្រកួតបើកឆាកនៃលីគកំពូលកម្ពុជា ហើយសង្ឃឹមថា វាគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ក្រុមខ្លួន ដែលត្រៀមប៉ះក្រុមភ្នំពេញក្រោនក្នុងជំនួបសប្ដាហ៍ទី៤ នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

ក្នុងនាមអ្នកចាំទីរារាំងសំណាញ់ទីមិនទាន់របូតគ្រាប់បាល់ (Clean sheet) និងជួយក្រុមឈ្នះ ៣ប្រកួតផ្ទួនៗ អាំ សុវណ្ណារ៉ាត់ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ហើយក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីបើកទ្វារផ្ទះស្វាគមន៍អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនចុងសប្ដាហ៍នេះដែរ ពិសេសគឺការប្ដេជ្ញា ដើម្បីជួយក្រុមរក្សាកៅអីកំពូលតារាងតែម្ដង។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានលើកឡើងថា «ចំពោះ ៣ប្រកួតកន្លងមកអាចនិយាយបានថា ព្រះខ័នរាជស្វាយរៀង មិនទាន់ជួបក្រុមធំៗពិតមែន តែយើងបានការត្រៀម និងរៀបចំបានល្អទាំងក្រុមតូច និងក្រុមធំ។ បើយើងរបូតគ្រាប់បាល់ពេលប៉ះក្រុមតូច ពេលប៉ះក្រុមធំយើងអាចនឹងមានបញ្ហា ចឹងខ្ញុំសប្បាយចិត្តពេលឃើញខ្សែការពារសហការគ្នាបានល្អ ហើយសង្ឃឹមថា ការប្រកួតបន្ទាប់ ពួកគេយើងនៅតែធ្វើបានល្អ»

គួរដឹងថា មុនបើកទ្វារផ្ទះទទួលភ្នំពេញក្រោន ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor គឺបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០, ឈ្នះក្រុមសូលទីឡូអង្គរ ១-០ និងឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ផ្ទុយពីក្រុមភ្នំពេញក្រោន ទើបរកបាន ៣ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ឈ្នះ១ និងចាញ់ ២ប្រកួត៕