(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាប្រុសស្រីល្បីៗជាច្រេីនដួង ពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីទៅច្រៀងរាំអបអរសាទរឆ្នាំថ្មីជួបជុំបងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ ហេីយនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការរាំវង់បំបែកកំណត់ត្រាពិភពលោកប្រចាំឆ្នាំ២០១៩ និងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងប្រាប់ឲ្យដឹងមុនពេលចេញដំណើរ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យ «គន្ធបុប្ផា» និងអបអរសង្រ្កាន្ដឆ្នាំថ្មី ដែលមានការឧបត្តម្ភគាំទ្រ ដោយក្រុមហ៊ុនរបស់លោកផ្ទាល់ នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ដោយតារាទាំងអស់ នឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក ដោយមិនមានការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួម ទស្សនាដោយសេរី។

លោកឧកញ៉ាបន្តថា តារាចម្រៀងល្បីៗដែល និងត្រូវចូលរួមការប្រគំតន្ត្រី ខាងលើមានដូចជាកញ្ញា ឡូ រ៉ាម៉ម, លោក ខេម,លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីក កំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។ ទីកន្លែងនៃការ ការ ប្រគំ តន្ត្រី និង ត្រូវ នៅ ទីក្រុង ប៊ូសាន សួនឧទ្យាន សាមណាក់ក្បែរស្ថានីយរថភ្លើងសាសាងឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់។

លោកបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមការរំពឹងទុកព្រឹត្តិការណ៍ខាងលើ និងមានបងប្អូនខ្មែរទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរក មូលនិធិបានច្រើន ដើម្បីយកមកជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត។ ក្រៅពីនោះសកម្មភាពនៃការ រាំលេងរបស់បងប្អូន និងបន្សល់នៅវីដេអូ MV ដ៏អស្ចារ្យទុកជាអនុស្សាវរីយរបស់ខ្មែរ លើទឹកដីកូរ៉េដែលមិនធ្លាប់ មានថែមទៀតផង៕