(ភ្នំពេញ)៖ តារាសម្តែងស្រីឆ្នើម ដែលមានភាពល្បីល្បាញខ្លាំង រហូតមកទល់បច្ចុប្បន្ន និងមានទស្សនិកជនស្គាល់ច្រើនតាំងពីអំឡុងឆ្នាំ ១៩៩៩-២០០០ គឺអ្នកនាង ស្វែង សុជាតា បន្ទាប់ពីមានទីផ្សារភាពយន្តមមាញឹកខ្លាំង ដោយត្រូវបានផលិតកម្មទាំងក្នុង និងក្រៅស្រុកត្រូវការទាក់ទងហៅថតមិនចេះដាច់ផងនោះ បានធ្វើឱ្យអ្នកនាង ហាក់រក្សាបាននូវប្រជាប្រិយភាពរហូត មកទល់ពេលបច្ចុប្បន្ន។ ភ្ជាប់ជាមួយគ្នានេះ អ្នកនាង បានបង្ហាញពីចេតនាចង់កែប្រែ និងដាស់តឿនស្មារតីផលិតករក្នុងស្រុកមួយចំនួន ដោយលើកឡើងថា បើជ្រើសរើសតួសម្តែងតាមខ្សែ គឺគ្មានថ្ងៃជោគជ័យទេ ហើយក៏មិនអាចយកភាពយន្តទៅប្រៀបជាមួយបរទេសបានដែរ។

លើកឡើងតាមរយៈទូរស័ព្ទ អ្នកនាង ស្វែង សុជាតា បាននិយាយថា បច្ចុប្បន្នបើតាមការសង្កេតរបស់នាង គឺជាង៧០ នៃផលិតករក្នុងស្រុក បានជ្រើសរើសតួសម្តែងតែតាមខ្សែរយៈ មនោសញ្ចេតនា ភាពយោគយល់ជាដើម ដែលជាកត្តាមួយធ្វើឱ្យខ្សែភាពយន្តបរាជ័យ ព្រោះទង្វើរនេះ ប្រៀបបាននឹងការមើលរំលងមនុស្សមានទេពកោសល្យ ស្រវ៉ាតារាសម្តែងតាមខ្សែ ខ្វះសមត្ថភាពសម្តែងមិនដល់។

តារាសម្តែងស្រីរូបនេះ បានសង្កតធ្ងន់ថា ចង់ចំណាយទឹកប្រាក់ ១០លានដុល្លារក្នុងការផលិតភាពយន្ត ក៏មិនជោគជ័យដែរ បើសិនជានៅតែយកតារាសម្តែងតាមខ្សែ។ ព្រោះដើម្បីឱ្យភាពយន្តមួយល្អ គឺត្រូវរើសតួដែលមានទេពកោសល្យពិតប្រាកដ ស័ក្តសមនឹងទឹកមុខ អត្តចរិក និងសមត្ថភាព។ ស្វែង សុជាតា បន្តថា បើប្រៀបធៀបជាមួយផលិតកម្មបរទេសក៏មិនដូច្នោះទេ បានន័យថាការជ្រើសរើសតួសម្តែងគឺសំខាន់ណាស់ ដូចនាងត្រូវបានផលិតករបរទេសជ្រើសរើសសម្តែងរឿង គឺមិនដោយសារខ្សែអ្វីទេ គឺគេមើលឃើញពីសមត្ថភាពរបស់នាងរួចហើយ។

បន្ថែមពីនេះ តារាស្រីល្បីឈ្មោះ មានទស្សនិកជនគាំទ្រច្រើន អ្នកនាង ស្វែង សុជាតា បានធ្វើការប្រៀបធៀបទឹកដៃផលិតភាពយន្តរបស់ខ្មែរ និងបរទេសយ៉ាងដូច្នេះថា សម្រាប់សមត្ថភាព និងទេពកោសល្យ របស់ផលិតករ អ្នកនិពន្ធ និងតារាសម្តែងខ្មែរ គឺមិនចាញ់បរទេសនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺបរទេសគេមានលុយ គេហ៊ានចំណាយ ដែលជាកត្តាផ្នែកធ្វើឱ្យគេជោគជ័យ ខណៈផលិតករខ្មែរមួយចំនួនវិញ សូម្បីតែតុមួយកៅអីមួយ ក៏មិនហ៊ានចំណាយផងនោះ។ នាងថា បច្ចុប្បន្នយុវជនខ្មែរ ក៏ដូចជាផលិតករ អ្នកនិពន្ធ និងតារាសម្តែង មានការអភិវឌ្ឍន៍ខ្លាំង ដោយមានការស្រាវជ្រាវ និងសិក្សាច្រើន ដូច្នេះសមត្ថភាពរបស់ខ្មែរ និងបរទេស គឺមិនចាញ់គ្នានោះទេ។

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកនាង ស្វែង សុជាតា កំពុងត្រូវបានផលិតករបរទេសមួយចំនួនចាប់អារម្មណ៍នឹងសមត្ថភាពអ្នកនាង ឱ្យចូលរួមសម្តែងក្នុងភាពយន្តរបស់ខ្លួន ដោយក្នុងនោះ មានទាំងរឿង ហុងកុង និងហូលីវ៉ូតជាដើម។ បច្ចុប្បន្នតារាស្រីរូបនេះ នៅតែមមាញឹកខ្លាំង ក្នុងអាជីពជាតារាសម្តែង ទោះបីជាមានតារាថ្មីៗ ក្មេងៗចូលមកច្រើនក៏ដោយ ដោយសារតែសមត្ថភាពរបស់នាង ខ្លាំង និងមានទេពកោសល្យល្អផងនោះ៕