(មេនឆេស្ទើ)៖ ក្រុមមេឃខៀវ Manchester City បានបញ្ចប់បេសកកម្មក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Champions League ជាផ្លូវការនាយប់មិញនេះបើទោះបីជាឈ្នះ ៤-៣ ទៅលើក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ ដោយសារមិនអាចគ្រាប់បាល់បានក្រៅដីកាលពីជើងទី១។

ក្រុមលេខ២ នៅ Premier League បច្ចុប្បន្ន Man City បានរបូត ១គ្រាប់កាលជើងទី១ នៅទឹកដី White Hart Lane មុនពេលពួកគេវាយបកយកឈ្នះ ៤-៣ វិញនៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងខណៈ បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ ទាំងពីរជើង។

នេះជាការជាន់ដានចាស់ដូចកាលពីរដូវកាលមុន ដែលក្រុមរបស់លោក Pep Guardiola បានជ្រុះត្រឹមវគ្គ ៨ក្រុមចុងក្រោយនៃ UEFA Champions League ក្រោមថ្វីជើងរបស់ក្រុមអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool ដែលពួកគេបានបរាជ័យ ៥-១ នៃការប្រកួតទាំងពីរជើង។

៤គ្រាប់របស់ Man City ធ្វើបានសម្រេចដោយកីឡាករ Raheem Sterling ចំនួន ២គ្រាប់នៅនាទី៤ និង២១ មុនពេល Bernado Silva រកបាន១គ្រាប់នៅនាទី១១ និង Sergio Aguero រកបាន១គ្រាប់ដែរនៅនាទី៥៩ ខណៈ Son Heung-min រកបាន ២គ្រាប់ឲ្យ Spurs នៅនាទី៧ និងនាទី១០ និង Llorente រកបានគ្រាប់ទី៣ នៅនាទី៧៣ ដើម្បីឡើងទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលជាក្រុមបានទម្លាក់ Juventus ផងនោះ៕