(ភ្នំពេញ)៖ ខណៈដែលបងប្អូនពលរដ្ឋជាច្រើន កំពុងសម្រុកធ្វើដំណើរ ទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលនេះ តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់មហាជន កញ្ញា ឱក សុគន្ធកញ្ញា បានទៅថតនូវវីដេអូអប់រំ សុវត្ថិភាពចរាចរណ៍ នៅចំណុចគល់ស្ពានជ្រោយចង្វារទី១ ដើម្បីបង្ហាញជូនដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន មុនពេល ធ្វើដំណើរឆ្លងកាត់ស្ពាន ដែលមួយរយៈកន្លងទៅ គេហាក់សង្កេតឃើញ មានគ្រោះថ្នាក់ជាច្រើនបានកើតឡើង នៅចំណុចគន្លងឡាន និងម៉ូតូ ដែលបងប្អូនមិនបានប្រុងប្រយ័ត្ន និងដឹងជាមុន។

ជាក់ស្ដែង នៅក្នុងថ្ងៃនេះផងដែរ តារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូទាក់ទងនឹងការផ្សព្វផ្សាយ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ។ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទៅ១) ដោយក្នុងនាមកញ្ញាជាឯកអគ្គរាជទូតសុឆន្ទៈ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។

ជាមួយគ្នានេះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញនូវសារផ្តាំផ្ញើមួយចំនួន ទៅដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់យានយន្ត និងទោចក្រយាន្តយន្ត នៅលើដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងពេលធ្វើដំណើរ ជាពិសេសនោះ គឺក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋ នាំគ្នាសម្រុកធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិក្រុមគ្រួសារ៕