(ភ្នំពេញ)៖ ពេលវេលានៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កាន់តែខិតចូលមកដល់ហើយ ខណៈអ្នករៀបចំគ្រប់បណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា កំពុងតែមមាញឹកក្នុងការៀបចំតុបតែងកន្លែងកំសាន្តរាំសប្បាយ ដោយរំលេចនូវភ្លើងចម្រុះពណ៌ចែងចាំងពេញបរិវេណប្រារព្ធសង្ក្រាន្តទាំងមូលតែម្តង។ ដោយឡែកងាកមកខេត្តព្រៃវែង ឯណោះវិញ ក៏មិនចាញ់ខេត្តនានាដែរ ដោយគិតរហូតមកទល់នឹងពេលនេះ គឺបានរៀបចំរួចរាល់ស្ទើរតែទាំងស្រុងហើយ ដោយគ្រាន់តែឃើញទិដ្ឋភាពខ្លះៗ នៃបរិវេណសង្ក្រាន្ត ហាក់បីធ្វើឱ្យប្រជាជនរស់នៅទីនោះ អន្ទះសារចង់ឱ្យថ្ងៃសង្ក្រាន្តមកដល់ ជាពិសសេអ្នកនៅទីរួមខេត្តនានា ឬក្បែរខាងនោះកំពុងតែមានគម្រោងទៅលេខកំសាន្តគ្រប់ៗគ្នាផងដែរ។

បើយោងតាមរូបភាព ដែលត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកតៗគ្នា បានបង្ហាញថា សាលាខេត្តខេត្តព្រៃវែង រួមជាមួយក្រុមការងារ សសយក បានរៀបចំតុបតែងរចនាសោភ័ណ្ឌភាពទីក្រុងរបស់ខ្លួន ជាពិសេសតំបន់ប្រារព្ធសង្រ្កាន្ត រួចរាល់ស្ទើរតែទាំងស្រុងហើយ ដោយឃើញមានក្នុងបរិវេណនោះ រំលេចនូវការតុបតែងបានយ៉ាងស្អាត និងមើលទៅទាក់ទាញភ្នែកយ៉ាងខ្លាំង។ លើសពីនេះ នាពេលរាត្រី រឹតតែធ្វើឱ្យសម្រស់ នៅតំបន់ប្រារព្ធសង្ក្រាន្តកាន់តែទាក់ទាញបន្ថែមទៀត ព្រោះក្រៅពីតាំងបង្ហាញកន្លែងទូកងរវែង អមដោយផ្កាភ្ញី គឺមានភ្លើងពណ៌ចម្រុះ ប្រកបដោយភាពទាក់ទាញ និងជាចំណីអារម្មណ៍ប្លែកមួយ ខុសប្លែកពីឆ្នាំមុនៗ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ មិនថាខេត្តព្រៃវែងទេ គឺខេត្តដទៃទៀត កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ចូលរួម កម្មវិធី «សង្ក្រានព្រៃវែង» នៅឆ្នាំកុរនេះ។

យ៉ាងណាមិញ ការត្រៀមកន្លែងរៀបចំគ្រប់ខេត្តក្រុង នូវកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ត្រូវបានគេសន្មត់ជាមុនថា ពោរពេញដោយភាពសប្បាយរីករាយក្រៃលែង ព្រោះតែបច្ចុប្បន្ន ប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដូច្នេះរាល់ឱកាសបុណ្យទាន ថ្ងៃឈប់សម្រាក់ប្រជាពលរដ្ឋ មានពេលវេលាសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ រាំលេងកំសាន្ត ពោរពេញដោយសុភមង្គល និងស្នាមញញឹម មានគ្រប់ក្រុមគ្រួសារទូទាំងប្រទេសតែម្តង។