(មេនឆេស្ទើ)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United ត្រឹមលទ្ធផល ១-០ ដោយសារការធ្វេសប្រហែសចូលទីខ្លួនឯង (Own Goal) របស់កីឡាករខ្សែការពារ Luke Shaw នៅនាទីទី១២ សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League។

១គ្រាប់ចូលទីខ្លួនឯងនេះដែរបានកើតឡើងនៅពេលដែលកីឡាករខ្សែប្រយុទ្ធបានព្យាយាមតែត ដែលត្រូវបានរារាំងដោយ Shaw តែផ្លាតចូលទីយ៉ាងស្អាតទៅវិញ ខណៈអ្នកចាំទីអេស្ប៉ាញ David de Gea មិនអាចជួយសង្រ្គោះបាន ឡើយក្នុងកីឡដ្ឋាន Old Trafford នាទីក្រុង Manchester រាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

នេះជាការបរាជ័យលើកទី២ ក្នុងដីសម្រាប់ Man Utd បន្ទាប់ពីពួកគេក៏ធ្លាប់ចាញ់ PSG ក្នុងលទ្ធផល ២-០ កាលពីជើង ទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ មុនពេលវាយបកឈ្នះ ៣-១ នៅទឹកដីបារាំង ដើម្បីឡើងមកវគ្គ ១/៤ នេះ ដោយត្រូវចាប់ ឆ្នោតប៉ះក្រុមជើងឯកអេស្ប៉ាញ FC Barcelona។

ថ្វីដ្បិតប្រកួតក្នុងក៏ពិតមែន ក៏ប៉ុន្តែ Man Utd មានឱកាសគ្រប់គ្រងបាល់តែ ៣៩ភាគរយតែប៉ុណ្ណោះ មិនបានស៊ុតចំគោលដៅម្តងណាឡើយ និងស៊ុតខុសគោលដៅមានដល់ទៅ ៧ដង តែ Barcelona វិញមានឱកាសស៊ុត៥ដង និងចំគោលដៅ៣ដង និងខុសគោលដៅ ២ដង ជាមួយនឹងការគ្រប់គ្រងបាល់មានដល់ទៅ ៦១ភាគរយឯណោះ។

ក្រុមរបស់លោក Ole Gunnar Solsjkaer ត្រូវរកឲ្យបាន ១គ្រាប់យ៉ាងតិច ដើម្បីមានឱកាសប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Camp Nou នៃទីក្រុង Barcelona ប្រទេសអេស្ប៉ាញ៕