(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កំពុងខិតចូលមកដល់ តារាចម្រៀងភាគច្រើន បាននាំគ្នាចេញបទចម្រៀងចង្វាក់ផ្សេងៗ ដើម្បីអបអរសាទរឆ្នាំថ្មី។ ក្នុងនោះ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឺកញ្ញា មាស សុខសោភា បានបញ្ចេញនូវបទចម្រៀងមួយបទ ជាចង្វាក់ប្រពៃណី មានចំណងជើងថា «ឆ្នាំថ្មីរកប្តីមិនបាន» កំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះមានអត្ថន័យចាត់ដោតចំបេះដូង នារីមិនទាន់មានគូតែម្តង។ ងាកមកអ្នកនិពន្ធបទនេះផ្ទាល់ គឺកញ្ញា លឹម ផាន់ណា ក្រៅពីបង្ហាញអារម្មណ៍សប្បាយរីករាយ មានមោទនភាព ដែលស្នាដៃនិពន្ធរបស់ខ្លួនមានសន្ទុះខ្លាំងហើយនោះ កញ្ញាបានឱ្យដឹងថា ដោយសារបទនេះមានអត្ថន័យ និងជាបទប្រពៃណីត្រូវនឹងឱកាសចូលឆ្នាំផង ទើបកញ្ញា មាស សុខសោភា យកបទនេះមកផលិតសម្រាប់ឆ្នាំថ្មី ហើយសម្រាប់អត្ថន័យបទវិញ គឺវាត្រូវនឹងសាច់រឿងកញ្ញាផ្ទាល់តែម្តង ប៉ុន្តែមិនត្រូវទាំងស្រុងទេ គឺខ្លះៗប៉ុណ្ណោះ។

កញ្ញា លឹម ផាន់ណា ដែលត្រូវបានគេដឹងថាក៏ជាអ្នកនិពន្ធចម្រៀង «កុំហៅខ្ញុំថាស្រី» ផងនោះ បានថ្លែងប្រាប់តាមរយៈទូរស័ព្ទថា ខ្លួនពិតជាមានមោទនភាពខ្លាំងណាស់ ដែលបាននិពន្ធចម្រៀងឱ្យតារាចម្រៀងល្បី មាស សុខសោភា ច្រៀង ហើយក៏រំភើបពេលស្នាដៃរបស់ខ្លួនមានការគាំទ្រច្រើន ដោយសារអត្ថន័យចាក់ដោត គួបផ្សំជាមួយនឹងសំនៀងដ៏ពិរោះមានទឹកដម ក្នុងចង្វាក់ប្រពៃណីរបស់ មាស សុខសោភា ផងនោះ។ កញ្ញា បញ្ជាក់ថា ខ្លួនធ្លាប់បាននិពន្ធចម្រៀងឱ្យតារាចម្រៀងផ្សេងៗច្រៀងច្រើនបទមកហើយ តែបទនេះសង្កេតឃើញថា មានសន្ទុះខ្លាំង ជាងបទកន្លងមក ដែលធ្វើឱ្យរូបកញ្ញាផ្ទាល់មានកំលាំងចិត្ត និងមានមោទនភាពផងដែរ។

កវីនិពន្ធចម្រៀងកញ្ញា លឹម ផាន់ណា បានសង្កត់ធ្ងន់ថា កាលដែលខ្លួនសម្រេចចិត្តនិពន្ធបទប្រពៃណីនេះឡើង គឺដោយសារសង្កេតឃើញថា បច្ចុប្បន្នមានការផលិតនូវចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ឬហៅថា បទបែកស្លុយច្រើន ដែលហាក់ធ្វើឱ្យបទចម្រៀងប្រពៃណីមានការអន់ថយ ជាពិសេស រាល់បណ្តាផលិតកម្មភាគច្រើន បានយកបទពីដើមមកច្រៀងឡើងវិញ ដូច្នេះគឺគ្មានអ្វីថ្មីសម្រាប់ទស្សនិជន ក៏សម្រេចនិពន្ធបទនេះឡើង ក្រោយអត្ថន័យចាត់ដោត ត្រូវនាងសាច់រឿងរបស់ខ្លួនខ្លះៗ និងរឿងមិត្តនារីដទៃខ្លះតែម្តង ដែលធ្វើឱ្យមានសន្ទុះនៃការគាំទ្រច្រើន ស្របពេលដែលកញ្ញា មាស សុខសោភា កំពុងតែនិយម និងព្យាយាមផ្សព្វផ្សាយ ក៏ដូចជាបញ្ចេញនូវបទប្រពៃណីផងនោះ។

ភ្ជាប់ជាមួយគ្នានេះ ក្នុងនាមជាអ្នកនិពន្ធមួយរូប កញ្ញា លឹម ផាន់ណា បានសំណូមពរដល់យុវវ័យ និងក្មេងៗជំនាន់ក្រោយ ឱ្យជួយគាំទ្រនូវបទប្រពៃណីខ្មែរហើយបានច្រើន ព្រោះវាជាផ្នែកមួយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ ជាជាងទៅគាំទ្របទបែកស្លុយ ដែលជាវប្បធម៌ហូរមកពីជាតិសាសន៍ដទៃ។

.

Advertising