(ហ្វីលីពីន)៖ ត្រីបាឡែនដ៏ធំមួយក្បាល ត្រូវបានងាប់ ដោយសារតែថង់បាស្ទិក និងកំទេចសម្រាមជាច្រើន ដែលវាបានស៊ីចូលទៅក្នុងពោះទម្ងន់៤០គីឡូ ខណៈដែលគេបានវាប្រទះឃើញ អណ្ដែតស្លាប់នៅច្រាំងទន្លេ នៃតំបន់ Compostela Valley នៅភាគខាងកើត ទីក្រុងដាវ៉ៅ ប្រទេសភីលីពីន កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០១៩។

បាវស្រូវចំនួន១៦ ថង់ផ្លាស្ទិកចំនួន៤ ថង់ពាណិជ្ជកម្មជាច្រើន និង ថង់ប្លាស្ទិកតូចៗ ជាច្រើន រាប់រយផ្សេងទៀត ត្រូវបានរកឃើញនៅខាងក្នុង ពោះត្រីបាឡែន។ យោងតាមការស្រាវជ្រាវ បានបញ្ជាក់ថា កាកសំណល់ កំទេចកំទី ថង់ច្រកសម្រាម និង សម្រាមរាប់រយប្រភេទទៀត ដែលសុទ្ធតែជាប្រភេទសារធាតុថង់ប្លាស្ទិក ចន្លោះពី ៤ ទៅ ១២ លានតោន បានចូលក្នុងមហាសមុទ្រ ជារៀងរាល់ឆ្នាំ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យ ប៉ះពាល់ និង ខូចខាតដ៏ធ្ងន់ធ្ងរ ដល់ជីវិតរស់នៅ របស់សត្វក្នុងសមុទ្រ នៅទូទាំងពិភពលោក។

នៅក្នុងសារហ្វេសប៊ុកសារមន្ទីរ D'Bone Collector បាននិយាយថា ត្រីបាឡែន ដែលបានងាប់នេះ គឺពោរពេញទៅដោយប្លាស្ទិក។ «នេះលើកទី១ ហើយ ដែលយើងមិនធ្លាប់បានជួបប្រទះ ដោយមានប្លាស្ទិកច្រើនបំផុត នៅក្នុងពោះត្រីបាឡែន»

ការបោះចោលកាកសំណល់ប្រភេទប្លាស្ទិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និង លើពិភពលោក ក្នុងនោះរួមមានទាំង ប្រទេសហ្វីលីពីន ផងដែរ។

យោងតាមរបាយការណ៍ឆ្នាំ ២០១៥ របស់អ្នកអភិរក្សបរិស្ថាន Ocean Conservancy និង មជ្ឈមណ្ឌល McKinsey សម្រាប់អាជីវកម្ម និងបរិស្ថាន បានឱ្យដឹងថា ប្រទេសនៃតំបន់អាស៊ីចំនួន ៥ គឺ ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងថៃ មានចំនួនរហូតដល់ទៅ ៦០% នៃកាកសំណល់ប្លាស្ទិក ដែលមាននៅក្នុងមហាសមុទ្រ៕