(ប៉ារីស)៖ ខ្សែប្រយុទ្ធ Anthony Martial បានដកខ្លួនចេញពីក្រុមជម្រើសជាតិមាន់គកបារាំង ដោយសាររបួសជង្គង់​ក្រោយការត្រួតពិនិត្យរបស់គ្រូពេទ្យ គ្រាដែលរូបគេត្រូវមានភារកិច្ចជួយម្ចាស់ជើងឯក World Cup 2018 មួយនេះ លេងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 ចុងសប្តាហ៍នេះ។

បើតាមការប្រកាសដោយសហព័ន្ធបាល់ទាត់បារាំង FFF បានឲ្យដឹងថា Martial ត្រូវបានប្រកាសដកចេញពីក្រុមជម្រើសជាតិ ក្រោយទទួលរងរបួសជង្គង់ខាងស្តាំ នៅពេលដែលបង្ហាញខ្លួនពេញ ៩០នាទីឲ្យក្លឹបអាជីព Manchester United នៃការប្រកួតពានរង្វាន់ FA Cup ទល់នឹង Wolves សប្តាហ៍មុន។

ខណៈនេះក្រុមបារាំងដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Didier Deschamps បានកំពុងតែចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៣ឆ្នាំ Thomas Lemar ដែលជាកីឡាកររបស់ក្លឹប Atletico Madrid ក្នុងការជំនួសតំណែងនេះវិញក្នុងជំនួបទល់នឹង ម៉ូដូវ៉ា និងក្រុមជម្រើសជាតិអ៊ីស្លង់៕